ឯកឧត្តម ថេង ច័ន្ទសង្វារ ណែនាំឱ្យសិក្ខាកាមយកចិត្តទុកដាក់បំពេញបេសកកម្មជាមេធាវីរបស់គណបក្សផង ជាឃោសនិករបស់គណបក្សផង
ភ្នំពេញ៖ ឯកឧត្តម ថេង ច័ន្ទសង្វារ អនុប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នាព្រឹកថ្ងៃអង្គារ ២រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីបើកនិងបិទវគ្គបណ្តុះបណ្តាលស្តីពីច្បាប់ បទបញ្ជា និងនីតិវិធីពាក់ព័ន្ធនឹងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ជូនភ្នាក់ងារគណបក្សក្រុងសួងចំនួន ១២២នាក់ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាក្រុងសួង ខេត្តត្បូងឃ្មុំ។
ឯកឧត្តម ថេង ច័ន្ទសង្វារ បានរំលឹកអំពីតួនាទី និងភារកិច្ចរបស់ភ្នាក់ងារគណបក្ស ដែលជាតំណាងស្របច្បាប់តែម្នាក់គត់របស់គណបក្ស ដែលមានសិទ្ធិអំណាចនៅក្នុងការិយាល័យបោះឆ្នោត ក្នុងការទាមទារ តវ៉ា និងជំទាស់ ដេីម្បីការពាររាល់ប្រយោជន៍ស្របច្បាប់របស់គណបក្ស។
ឯកឧត្តម ថេង ច័ន្ទសង្វារ បានណែនាំឱ្យសិក្ខាកាមយកចិត្តទុកដាក់បំពេញបេសកកម្មជាមេធាវីរបស់គណបក្សផង ជាឃោសនិករបស់គណបក្សផង និងជាសេនាធិការលេីការងារច្បាប់ និងនីតិវិធីជូនសាខាបក្សនិងសមាជិកគ្រប់រូបផង ហេតុនេះម្នាក់ៗត្រូវត្រៀមលក្ខណៈឱ្យបានរួចរាល់ដេីម្បីអនុវត្តការងារ និងត្រូវដុសខាត់ចំណេះដឹងផ្នែកច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោតជាប្រចាំ។
ឯកឧត្តម ថេង ច័ន្ទសង្វារ ក៏បានក្រើនរំឭកដល់សមាជិក សមាជិកាគណៈកម្មការច្បាប់គណបក្សក្រុងសួង ក្រុមអ្នកច្បាប់សង្កាត់ទាំងពីរ ឱ្យយកចិត្តទុកដាក់សហការជាមួយអាជ្ញាធរដែនដី និងគណៈកម្មការសង្កាត់រៀបចំការបោះឆ្នោតក្នុងការជួបសម្របសម្រួលរៀបចំឯកសារបែបបទជូនដល់ប្រជាពលរដ្ឋដែលគ្មានអត្តសញ្ញាណបណ្ណសញ្ញាតិខ្មែរ ដើម្បីទទួលបានឯកសារបញ្ជាក់អត្តសញ្ញាណសម្រាប់បម្រើឱ្យការបោះឆ្នោត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ ពិសេសគឺត្រូវជួយសម្របសម្រួល និងគ្រប់គ្រងភ្នាក់ងារគណបក្សគ្រប់ការិយាល័យទាំងអស់ ឱ្យពួកគាត់អាចបំពេញភារកិច្ចជូនគណបក្សបានដោយរលូន។
វគ្គបណ្តុះបណ្តាលទាំងមូលបានប្រកាសគាំទ្រជាឱឡារិក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នៃរដ្ឋសភា និងគាំទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត ៕