អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅការងារឆមាសទី២
ភ្នំពេញ៖ នៅថ្ងៃទី០៧ ខែ កក្កដា ឆ្នាំ២០២៣នេះ អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ក្រោមអធិបតីភាព ឯកឧត្តម សរ សិទ្ធិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលជួយការងារដឹកនាំអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ។
នាឱកាសនោះ ឯកឧត្តម ឧត្ដមសេនីយ៍ឯក យិត ភីរៈ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានគោរពរាយការណ៍ជូនអំពីលទ្ធផលការងារឆមាសទី១ ជាពិសេស ពាក់ព័ន្ធនឹងការចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាសំខាន់ៗចំនួន០២គឺ៖ ព្រឹត្តិការណ៍ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២២ និងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ ក្នុងចំណោម ៤២ប្រភេទកីឡា ចំណុះក្រសួងមហាផ្ទៃ មាន ២៣ប្រភេទកីឡា បានចូលរួមប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ហើយជាលទ្ធផលដណ្ដើមបានមេដាយសរុប ៦៦គ្រឿង (មាស ៣៣, ប្រាក់ ១៩, និងសំរឹទ្ធ ១៤)។ ដោយឡែកក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ កីឡាករ-កីឡាការិនី នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានចូលរួមលើ ៣២ប្រភេទកីឡា និងដណ្ដើមមេដាយសរុប ១៣២គ្រឿង (មាស ៣៥, ប្រាក់ ៣៤ និងសំរឹទ្ធ ៦៣)។
ឯកឧត្តម អគ្គលេខាធិការ បានមានប្រសាសន៍បន្ថែមទៀតថា ក្រោមការយកចិត្តទុកដាក់លើកទឹកចិត្ត និងការឧបត្ថម្ភជ្រោមជ្រែងដោយផ្ទាល់ពី សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និង ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាអនុប្រធានទី១ ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានធ្វើឱ្យថ្នាក់ដឹកនាំ ប្រតិភូ ប្រតិភរង គ្រូបង្វឹក គ្រូជំនួយ មន្ត្រីបច្ចេកទេស និងកីឡាករ-កីឡាការិនី មានស្មារតី និងឆន្ទៈមោះមុតខិតខំហ្វឹកហាត់ ប្រកួតប្រជែងដណ្ដើមមេដាយ ដោយទទួលបាននូវលទ្ធផលគួរជាទីមោទនៈ ព្រទាំងបានរួមចំណែកយ៉ាងធំធេងក្នុងការដណ្ដើមបាននូវជោគជ័យដ៏ត្រចះត្រចង់ពីព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នាំមកនូវកិត្តិយស ឧត្តមភាព និងកិត្យានុភាពជូនសង្គមជាតិ ក៏ដូចជាក្រសួងមហាផ្ទៃ។
ឯកឧត្តម អគ្គលេខាធិការ ក៏បានលើកយកទិសដៅការងារសំខាន់ៗមួយចំនួន ដែលត្រូវពង្រឹង និងបន្តអភិវឌ្ឍ ក្នុងនោះមានដូចជា៖ រៀបចំចាត់បញ្ចូននាយនគរបាលជាតិដែលជាមន្ត្រីបច្ចេកទេស ទៅចូលរួមវគ្គបណ្ដុះបណ្ដាលនានាក្នុង និងក្រៅប្រទេស, ជំរុញការសាងសង់បញ្ចប់សំណង់អាគារមជ្ឈមណ្ឌលអភិវឌ្ឍន៍ធនធានកីឡាជាតិកម្ពុជា ស្ថិតក្នុងសាលាបឋមសិក្សាចៅពញាហុក, បញ្ជូនកីឡាករ-កីឡាការិនីទៅហ្វឹកហាត់នៅក្រៅប្រទេស ការត្រៀមខ្លួនទៅចូលរួមការប្រកួតក្នុងព្រឹត្តិការណ៍កីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក លើកទី២០ ឆ្នាំ២០២៣ នៅទីក្រុង Winnipeg ប្រទេសកាណាដា និងការត្រៀមខ្លួនចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍កីឡាអាស៊ីហ្គេម នៅប្រទេសចិន ពីថ្ងៃទី២៨ ខែកញ្ញា ដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣ ជាដើម។
មានប្រសាសន៍បូកសរុបកិច្ចប្រជុំ ឯកឧត្តម សរ សិទ្ធិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលជួយការងារដឹកនាំអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានក្រើនរំលឹកដល់មន្ត្រីគ្រប់រូប ត្រូវបន្តការគោរពវិន័យ បទបញ្ជា និងរក្សាឱ្យបាននូវសាមគ្គីភាពក្នុងអង្គភាព ជាពិសេសថ្នាក់ដឹកនាំតាមបណ្តាសមាគមកីឡានីមួយៗ ត្រូវបន្តពង្រឹងការហ្វឹកហាត់ដល់កីឡាករ កីឡាការិនីរបស់ខ្លួន ឱ្យបានខ្លាំងក្លាបន្ថែមទៀត ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍នានានៅថ្ងៃខាងមុខ ម្យ៉ាងទៀតប្រតិភូ ដែលទទួលតាមប្រភេទកីឡានីមួយៗត្រូវយកចិត្តទុកដាក់ខិតខំចម្រាញ់ជ្រើសរើសអ្នកមានស្នាដៃ និងសមត្ថភាពខ្ពស់ដែលអាចឈានឆ្ពោះទៅប្រកួតលើប្រភេទកីឡាអូឡាំពិក នាថ្ងៃអនាគតផងដែរ៕