ឯកឧត្ដម ហ៊ុន ម៉ានី៖ នរណាក៏ដោយឱ្យតែពាក់អាវ គណបក្សប្រជាជនកម្ពុជា គឺមានភារកិច្ចជួយអ៊ំ ពូ មីង ទាំងអស់គ្នា
ភ្នំពេញ៖ ពិធីសំណេះសំណាលជាមួយសមាជិកសមាជិកា គណបក្សប្រជាជនកម្ពុជាក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោតថ្ងៃទី៨ បាននិងកំពុងបន្តក្រោមការដឹកនាំរបស់ឯកឧត្តម ហ៊ុន ម៉ានី អនុប្រធានទី១ ក្រុមការងារគណបក្សចុះជួយខេត្តកំពង់ស្ពឺ និងជាអ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ។ ជំនួបនាឱកាសនេះ បានប្រព្រឹត្តទៅនៅក្នុងឃុំព្រៃក្រសាំង និងឃុំជម្ពូព្រឹក្ស ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ នាថ្ងៃទី៨ កក្កដា ដោយមានការចូលរួមពីសមាជិក សមាជិកា ក្រុមគ្រួសារគណបក្សប្រជាជនកម្ពុជាសរុបប្រមាណ ៩០០នាក់។
ក្នុងឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី បានរំឭកនូវអានុស្សាវរីយ៍នៃការចាប់ផ្ដើមការងារលើទឹកដីកំពង់ស្ពឺកាលពី១០ឆ្នាំមុន។ ទន្ទឹមនឹងនេះ ឯកឧត្តមបានកត់សម្គាល់ពីការរីកចម្រើនក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺនាពេលបច្ចុប្បន្ន ដែលរួមមានផ្លូវថ្នល់ ប្រឡាយទឹក សាលារៀន និងរោចក្រនានាកើនឡើងជាបន្តបន្ទាប់។ ចំណុចនេះ ឯកឧត្តបានគូសរំលេចថា អ្វីទាំងអស់នេះនៅពុំទាន់គ្រប់គ្រាន់នៅឡើយទេ ប៉ុន្តែបើប្រៀបធៀបទៅនឹងកាលពី១០ឆ្នាំមុន គឺលោកតា លោកយាយ បងប្អូនអាចសង្កេតឃើញការប្រែប្រួលទាំងហេដ្ឋារចនាសម្ព័ន្ធ កម្រិតនៃជីវភាពរស់នៅប្រចាំថ្ងៃ និងការវិនិយោគដែលផ្ដល់ឱកាសការងារជាច្រើនដល់បងប្អូនប្រជាពលរដ្ឋ។
ឯកឧត្តម បានបន្តថា ទាំងនេះមិនមែនជារឿងចៃដន្យនោះទេ ប៉ុន្តែគឺជាគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដែលផ្ដល់ការយកចិត្តទុកដាក់លើជីវភាពរបស់ប្រជាជន ជាពិសេសបងប្អូន កម្មករ កម្មការនី។ ឯកឧត្តម បញ្ជាក់ថា ការណ៍ដែលវិនិយោគិនចូលមកបណ្ដាក់ទុននៅកម្ពុជា គឺដោយសារការជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល រួមទាំងបរិយាកាសវិនិយោគនៅកម្ពុជាយើង ក្រោមការដឹកនាំរបស់គណបក្សប្រជាជន ដែលខិតខំប្រឹងប្រែងជាប្រចាំ ក្នុងការផ្ដល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋ។ ឯកឧត្តម បានមានប្រសាសន៍ថា«នរណាក៏ដោយឱ្យតែពាក់អាវគណបក្សប្រជាជនកម្ពុជា គឺមានភារកិច្ចជួយអ៊ំ ពូ មីង ទាំងអស់គ្នា»។
ឯកឧត្តម ក៏បានថ្លែងអំណរគុណ និងកោតសរសើរចំពោះថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាឃុំព្រៃក្រសាំង និងឃុំជម្ពូព្រឹក្ស ដែលបានចូលរួមចំណែកយ៉ាងសកម្ម ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការអនុវត្តគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដោយចូលរួមចំណែកក្នុងការអភិវឌ្ឍក្នុងមូលដ្ឋានឃុំទាំងពីរ។
ជាមួយគ្នានេះ ឯកឧត្តមបានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋនៅឃុំនេះ ក៏ដូចជាក្រុមគ្រួសារគណបក្សប្រជាជនទាំងអស់ដែលតែងតែស្រឡាញ់ពេញចិត្ត និងគាំទ្រ គណបក្សប្រជាជនកម្ពុជាយ៉ាងស្មោះស្ម័គ្ររហូតដល់បច្ចុប្បន្ន និងសូមបន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា នៅក្នុងការបោះឆ្នោត នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខគ្រប់ៗគ្នា ៕