សម្ដេចក្រឡាហោម ស ខេង បន្តដឹកនាំយុទ្ធនាការ ឃោសនាបោះឆ្នោតនៅស្រុកពារាំង ស្រុកពោធិ៍រៀង និងក្រុងព្រៃវែង
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង និងបាត់ដំបង នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣នេះ បានបន្តអញ្ជើញដឹកនាំយុទ្ធនាការឃោសនាបោះឆ្នោតនៅស្រុកពារាំង ស្រុកពោធិ៍រៀង និងក្រុងព្រៃវែង ខេត្តព្រៃវែង។
អញ្ជើញមានប្រសាសន៍សំណេះសំណាលនាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ក្នុងនាមគណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ជាប្រធានកិត្តិយស និងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធាន និងជាបេក្ខជននាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណថ្នាក់ដឹកនាំក្រុមការងារគណបក្សចុះមូលដ្ឋាន ព្រមទាំងសមាជិក សមាជិកា និងប្រជាពលរដ្ឋស្រុកទាំង៣ ដែលមានភក្ដីភាព ជឿជាក់ និងគាំទ្រគណបក្សប្រជាជនកម្ពុជា តាំងពីដើមរៀងមក ទាំងបច្ចុប្បន្ន និងទៅអនាគត។
សម្ដេចក្រឡាហោម ក៏បានមានប្រសាសន៍ថ្លែងអំណរគុណប្រជាពលរដ្ឋទូទៅ ទោះបីជាមាននិន្នាការបែបណាក៏ដោយ ប៉ុន្តែមានគោលជំហរស្រលាញ់សុខសន្តិភាព និងបានចូលរួមគាំទ្រការដឹកនាំរបស់រាជរដ្ឋាភិបាលនីតិកាល៦ ពីឆ្នាំ២០១៨ដល់ឆ្នាំ២០២៣ ធ្វើឱ្យប្រទេសជាតិបន្តរក្សាបានសុខសន្តិភាព បូរណភាពទឹកដី អធិបតេយ្យភាពជាតិ ស្ថេរភាពនយោបាយ ការពាររបបរាជានិយម ធានាបានលំនឹងសេដ្ឋកិច្ច ពិសេសគ្រប់គ្រង បង្ការទប់ស្កាត់បានប្រកបដោយប្រសិទ្ធិភាពជំងឺកូវីដ-១៩។
សម្ដេចក៏បានមានប្រសាសន៍ដោយសង្ខេបអំពីវឌ្ឍនភាពនៃការអភិវឌ្ឍក្នុងខេត្តព្រៃវែងនិយាយជារួម និងដោយឡែកក្នុងស្រុកពារាំង ស្រុកពោធិ៍រៀង និងក្រុងព្រៃវែង ទាំងលើវិស័យសេដ្ឋកិច្ច និងសង្គម ជាពិសេសការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវ ស្ពាន សាលារៀន ប្រព័ន្ធធារាសាស្ត្រ ជាពិសេសថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏ទើបនឹងបានបើកការដ្ឋានសាងសង់ស្ពាន និងផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត ដែលនឹងផ្ដល់ផលវិជ្ជមានដល់ការអភិវឌ្ឍក្រុង ស្រុកទាំង៣ និងខេត្តព្រៃវែង។
នាឱកាសនោះដែរ សម្ដេចក្រឡាហោម បានអំពាវនាវសមាជិក សមាជិកា អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាក្នុងស្រុកទាំងបី និងជារួមប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត ត្រៀមលក្ខណៈអញ្ជើញទៅបោះឆ្នោត នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ដើម្បីគាំទ្រការអនុវត្តលទ្ធិប្រជាធិបតេយ្យដែលចាក់គ្រឹះយ៉ាងរឹងមាំនៅកម្ពុជា ចាប់ពីឆ្នាំ១៩៩៣ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ និងសូមបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី១៨ ដើម្បីបន្តការដឹកនាំមាតុភូមិកម្ពុជាឆ្ពោះទៅរកភាពរីកចម្រើនរុងរឿង សុីវិល័យ និងឈរស្មើមុខលើឆាកអន្តរជាតិ៕