ក្រសួងការងារ ប្រកាសដាក់ឱ្យប្រើប្រាស់ផែនការមេលើកទី៣ ស្តីពីសុវត្ថិភាព និងសុខភាពការងារ ឆ្នាំ២០២៣-២០២៧
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសដាក់ឱ្យប្រើប្រាស់ផែនការមេលើកទី៣ ស្តីពីសុវត្ថិភាព និងសុខភាពការងារ ឆ្នាំ២០២៣-២០២៧ ដែលគ្របដណ្ដប់លើវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង កាបូប និងផលិតផលធ្វើដំណើរ ដែលជាការងារក្នុងប្រព័ន្ធ ព្រមទាំងការងារក្រៅប្រព័ន្ធដទៃទៀត ដូចជា ការងារក្នុងវិស័យកសិកម្ម សំណង់ជាដើម។
ការប្រកាសផ្សព្វផ្សាយនេះធ្វើឡើងនាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ នៅសណ្ឋាគារភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
លោក សំ សឿន ប្រធានក្រុមប្រឹក្សាជាតិសហជីព បានឱ្យដឹងថា ការបញ្ជ្រាបចំណេះដឹងស្ដីពីសុវត្ថិភាព និងសុខភាពការងារនៅក្នុងការអប់រំទូទៅ និងផ្ទៃក្នុងនៃកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ គឺអាចកសាងអនាគតកម្មករជំនាញជំនាន់ក្រោយប្រកបដោយសុវត្ថិភាព និងសុខភាពការងារល្អជាងមុន។ ក្នុងនាមអង្គការសហជីព ប្រធានក្រុមប្រឹក្សាជាតិសហជីពរូបនេះបានប្ដេជ្ញាចូលរួមជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អង្គការអន្តរជាតិខាងការងារ អង្គការនិយោជក និងដៃគូផ្សេងទៀត ដើម្បីអនុវត្តផែនការមេលើកទី៣ ស្តីពីសុវត្ថិភាព និងសុខភាពការងារ ឆ្នាំ២០២៣-២០២៧ ឱ្យប្រកបដោយផ្លែផ្កា។
លោក ទេព សុភ័ណ្ឌ នាយកគ្រប់គ្រងទូទៅនៃសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា (CAMFEBA) បានបង្ហាញក្ដីរំពឹងថា ផែនការមេលើកទី៣ ស្តីពីសុវត្ថិភាព និងសុខភាពការងារ ឆ្នាំ២០២៣-២០២៧ នឹងក្លាយជាយន្តការនៃការដោះស្រាយគោលនយោបាយអាទិភាព និងវិធានការចាំបាច់នានាក្នុងការបន្តការធានាសុវត្ថិភាព និងសុខភាពការងារជូនកម្មករនិយោជិត។
លោក ទុន សោភ័ណ មន្ត្រីសម្របសម្រួលថ្នាក់ជាតិនៃអង្គការ ILO ប្រចាំកម្ពុជា បានវាយតម្លៃឃើញថា ការអនុវត្តបានល្អប្រសើរនូវសុវត្ថិភាព និងសុខភាពការងារកាលពីពេលកន្លងទៅ គឺបានកាត់បន្ថយគ្រោះថ្នាក់នៅកន្លែងធ្វើការ នាំឱ្យបង្កើនផលិតភាពការងារក្នុងរោងចក្រ សហគ្រាស។ លោកថា បញ្ហាសុវត្ថិភាព និងសុខភាពការងារនេះ គឺអង្គការ ILO មានការយកចិត្តទុកដាក់ខ្លាំងណាស់ ដោយមានការចែងបទប្បញ្ញត្តិជាបន្តបន្ទាប់ និងតម្រូវឱ្យរដ្ឋជាសមាជិកចូលរួមអនុវត្តឱ្យបាន។
នាឱកាសនោះ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង ក៏បានលើកឡើងថា ផែនការមេលើកទី៣ស្តីពីសុវត្ថិភាព និងសុខភាពការងារ បានកំណត់យុទ្ធសាស្ត្រចំនួន៦ និងផែនការសកម្មភាពលម្អិតជាមួយនឹងយន្តការត្រួតពិនិត្យ និងវាយតម្លៃដែលជាក់លាក់អាចវាស់វែងបានអាចអនុវត្តបានប្រាកដនិយម និងតាមពេលកំណត់ (SMART) ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ និងប្រសិទ្ធភាពក្នុងផ្នែកសុវត្ថិភាព និងសុខភាពការងារ ដែលជាប្រយោជន៍ដល់និយោជក និងកម្មករនិយោជិតគ្រប់វិស័យទាំងអស់ ដោយមិនផ្អែកទៅតាមវិស័យសេដ្ឋកិច្ចទំហំនៃសហគ្រាស គ្រឹះស្ថាន ឬកន្លែងធ្វើការបែបណានោះទេ។
ដើម្បីឱ្យផែនការមេលើកទី៣អនុវត្តប្រកបដោយជោគជ័យ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់ជាអនុសាសន៍ដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ចូលរួមបន្តសហការគ្នា ដើម្បីចូលរួមទប់ស្កាត់គ្រោះថ្នាក់ការងារនៅកន្លែងធ្វើការ ដូចតទៅ៖
១-មន្រ្តីអធិការកិច្ចការងារត្រូវពង្រឹងការអនុវត្តច្បាប់ស្តីពីការងារ តាមរយៈការបង្កើនប្រសិទ្ធភាពនៃការចុះអធិការកិច្ចការងារ និងការបន្តពង្រឹងយន្តការត្រីភាគី នៃគណៈកម្មាធិការជាតិសុខភាព និងសុវត្ថិភាពការងារ ដើម្បីធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌការងាររបស់កម្មករនិយោជិត និងពង្រឹងប្រព័ន្ធ គ្រប់គ្រងសុខភាព និងសុវត្ថិភាពការងារនៅគ្រប់កម្រិតទាំងអស់។
២-អនុញ្ញាតឱ្យបើកដំណើរការត្រួតពិនិត្យសុខភាពដល់កម្មករ/កម្មការិនីដោយពេទ្យការងារឡើងវិញ ព្រោះជាយន្តការតែមួយក្នុងការអនុវត្តផែនការមេស្ដីពីសុវត្ថិភាព និងសុខភាពការងារនេះផងដែរ។
៣-សម្រាប់ភាគីអ្នកគ្រប់គ្រងសហគ្រាស សូមស្នើឱ្យម្ចាស់សហគ្រាស គ្រឹះស្ថានពង្រឹងប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព និងសុខភាពការងារ និងត្រូវប្រុងប្រយ័ត្នអំពីបរិយាការណ៍កម្ដៅនៅក្នុងអគារផលិតកម្ម សុវត្ថិភាពអគ្គិភ័យ ការប្រើប្រាស់សារធាតុគីមី និងការប្រើប្រាស់ប្រព័ន្ធឡចំហាយ ដោយត្រូវអនុវត្តឱ្យបានត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេសនិងសេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងអនុវត្តតាមការណែនាំរបស់មន្ត្រីអធិការកិច្ចការងារ សំដៅបង្ការឱ្យបាននូវរាល់គ្រោះថ្នាក់ដែលអាចកើតឡើងជាយថាហេតុ និងបញ្ចៀសបាននូវការខាតបង់ទ្រព្យសម្បត្តិរបស់សហគ្រាស គ្រឹះស្ថាន។
៤-សម្រាប់ភាគីកម្មករនិយោជិត៖ ត្រូវយកចិត្តទុកដាក់ក្នុងផ្តល់ព័ត៌មានដល់អ្នកគ្រប់គ្រងអំពីហានិភ័យ និងគ្រោះថ្នាក់ដែលអាចកើតមាននៅកន្លែងធ្វើការ, ស្វែងយល់អំពីហានិភ័យ និងគ្រោះថ្នាក់ដែលអាចកើតមាននៅកន្លែងធ្វើការ និងវិធានការការពារខ្លួនពីអ្នកគ្រប់គ្រង ឬមន្ត្រីសុវត្ថិភាពការងារ, បង្កើនការយល់ដឹងអំពីព័ត៌មានស្តីពីសុខភាព និងសុវត្ថិភាពដែលបានបិទផ្សាយនៅក្នុងសហគ្រាស គ្រឹះស្ថាន។គ្រប់ភាគីពាក់ព័ន្ធក្នុងអង្គពិធីនោះ សុទ្ធតែបានប្ដេជ្ញាអំពីការចូលរួមសហការអនុវត្តផែនការមេលើកទី៣ ស្តីពីសុវត្ថិភាព និងសុខភាពការងារ ឆ្នាំ២០២៣-២០២៧ ឱ្យប្រកបដោយផ្លែផ្កា ខណៈឯកឧត្តមរដ្ឋមន្ត្រី អ៉ិត សំហេង ក៏សង្ឃឹមយ៉ាងមុតមាំថា ផែនការមេលើកទី៣ ស្តីពីសុវត្ថិភាព និងសុខភាពការងារ ២០២៣-២០២៧នេះ នឹងត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ ហើយកាន់តែងាយស្រួលសម្រាប់ភាគីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ក្នុងការប្រើប្រាស់ផែនការសកម្មភាពលម្អិតរបស់ខ្លួន សម្រាប់ការលើកកម្ពស់ និងកែលម្អការគ្រប់គ្រងប្រព័ន្ធសុវត្ថិភាព និងសុខភាពការងារឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីធានាឱ្យបាននូវកន្លែងធ្វើការ ដែលមានបរិយាកាសការងារល្អ រួមជាមួយនឹងប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព និងសុខភាពការងារ ដែលអាចជួយជំរុញផលិតភាព និងកសាងវប្បធម៌សុវត្ថិភាព និងសុខភាពការងារនៅគ្រប់កន្លែងធ្វើការនាពេលអនាគត៕