ឧត្តមសេនីយ៍ទោ សោម ស៊ុន អំពាវនាវឲ្យយោធិន និងក្រុមគ្រួសារ មានឈ្មោះក្នុងបញ្ជីបោះឆ្នោត ត្រូវទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា
ភ្នំពេញ៖ ឧត្តមសេនិយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារយោធាសន្តិសុខប្រចាំខែមិថុនា និងដាក់ចេញនូវទិសដៅសម្រាប់អនុវត្តបន្តប្រចាំខែកក្កដា នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដោយមានការចូលរួមពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មេបញ្ជាការគ្រប់បណ្តាកងឯកភាព ការិយាល័យ និងស្ថាប័នចំណុះតាមការអញ្ជើញរបស់លេខាធិការដ្ឋាននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។
វរសេនីយ៍ទោ ស៊ុន សារិន នាយការិយាល័យទី៣ នៃបញ្ជការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងអានរបាយការណ៍បូកសរុបលទ្ធផលការងារយោធាសន្តិសុខ ដែលសម្រេចបានក្នុងខែមិថុនា កន្លងទៅនិងទិសដៅសំខាន់ៗមួយចំនួន ដែលត្រូវអនុវត្តបន្តនៅក្នុងខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។
បន្ទាប់មកអង្គប្រជុំបានពិភាក្សាគ្នាយ៉ាងល្អិតល្អន់ និងបានបំពេញបន្ថែមនៅលើខ្លឹមសាររបាយការណ៍ ដែលបានអនុវត្តកន្លងមក ព្រមទាំងបានកែសម្រួលបំពេញបន្ថែមមួយចំនួននូវទិសដៅការងារយោធាសន្តិសុខ ដែលត្រូវអនុវត្តបន្តផងដែរ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មេបញ្ជាការគ្រប់បណ្ដាកងឯកភាព និងការិយាល័យ ផ្នែក ស្ថាប័នចំណុះ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចតាមផែនការ ដែលថ្នាក់លើបានប្រគល់ជូន ទទួលបានជោគជ័យគួរជាទីមោទនៈ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួន ដែលត្រូវអនុវត្តបន្ត មានជាអាទិ៍ ទី១ ត្រូវបន្តសកម្មភាពអនុវត្តន៍កិច្ចសហប្រតិបត្តិការការពារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ ជូនគណបក្សនយោបាយនានា និងប្រជាពលរដ្ឋ ក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ឲ្យទទួលបានជោគជ័យ ។ ជាមួយនោះដែរគ្រប់បណ្ដាកងឯកភាព ត្រូវយកចាត់ទុកដាក់ការអប់រំរៀនសូត្រអំពីក្រមសីលធម៌ សម្រាប់យោធិននៃកងយោធពលខេមរភូមិន្ទក្នុងដំណើរការបោះឆ្នោត។
ទី២ បន្តសកម្មភាពហ្វឹកហ្វឺនបំប៉នពង្រឹងផ្នែកយុទ្ធវិធី និងអប់រំចិត្តសាស្ត្រជូនកងកម្លាំង តាមផែនការ របស់បញ្ជាការដ្ឋានកងទ័ពជើងគោក និងបញ្ជាការដ្ឋានយោធភូមិភាគទី៤ ដែលទើបបើវគ្គហ្វឹកហ្វឺននាពេលថ្មីៗកន្លងមកនេះ ឲ្យទទួលបានលទ្ធផលល្អ និងទី៣ បានអំពាវនាវដល់យោធិនគ្រប់រូប និងក្រុមគ្រួសារដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ត្រូវត្រៀមខ្លួន និងឯកសារគ្រប់គ្រាន់ ដើម្បីទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះឲ្យបានគ្រប់ៗគ្នា ៕