ឯកឧត្តម កើត រិទ្ធ៖ គណបក្សប្រជាជនកម្ពុជាគឺជាគណបក្សតែមួយគត់ដែលបានឆ្លងកាត់ប្រទេសកម្ពុជាចេញពីភាពជូរចត់ តាមរយៈការពន្លត់បានទាំងស្រុងនូវភ្លើងសង្គ្រាម
ភ្នំពេញ៖ ឯកឧត្តម កើត រិទ្ធ អនុប្រធានទី១ ក្រុមការងារគណបក្សប្រជាជនកម្ពុជា ស្រុកមោងឫស្សី បានលើកឡើងថា គណបក្សប្រជាជនកម្ពុជាគឺជាគណបក្សតែមួយគត់ដែលបានឆ្លងកាត់ប្រទេសកម្ពុជាចេញពីភាពជូរចត់ តាមរយៈការពន្លត់បានទាំងស្រុងនូវភ្លើងសង្គ្រាម ក៏ដូចជាបានកសាងនូវគ្រឹះសម្រាប់ការអភិវឌ្ឍជាតិដែលផ្តល់ឱកាសដល់ប្រជាជនបានកសាងជីវភាពល្អប្រសើរ។
ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនឃុំគារ ចំនួនប្រមាណ ៩០០ នាក់ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ រួមជាមួយឯកឧត្តម អង្គ វង្ស វឌ្ឍានា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាស្រុកមោងឫស្សី ឯកឧត្តម កើត រិទ្ធ បានលើកឡើងថា សមិទ្ធផលធំៗទាំងនេះ ពិតជាមិនអាចកើតមានឡើយប្រសិនបើគ្មានការគាំទ្រពីប្រជាជនកម្ពុជាគ្រប់ដំណាក់កាល ទាំងដំណាក់កាលលំបាក ទាំងដំណាក់កាលមានសុខសន្តិភាព។
ឯកឧត្តមបន្តថា ក្នុងនាមជាសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា គឺពិតជាមានមោទនភាព ដោយសារតែសមិទ្ធផលដែលកើតមានសព្វថ្ងៃ គឺកើតចេញពីការចូលរួមសាមគ្គី និងគាំទ្រគណបក្សប្រជាជនកម្ពុជានាពេលកន្លងមក ដូចពាក្យស្លោករបស់គណបក្សគឺ “គណបក្សប្រជាជនកម្ពុជា គឺដោយសារប្រជាជនកម្ពុជា កើតចេញពីប្រជាជនកម្ពុជា និងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីប្រជាជនកម្ពុជា”។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម អនុប្រធានទី១ នៃក្រុមការងារ ក៏បានថ្លែងអំណរគុណទៅដល់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាឃុំគារទាំងអស់ ដែលបានគាំទ្រគណបក្សនាពេលកន្លងមក និងស្នើឱ្យសមាជិក សមាជិកាទាំងអស់បន្តប្តេជ្ញាចិត្តគាំទ្រគណបក្សប្រជាជនកម្ពុជា ជាពិសេសបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ៕