ឧត្តមសេនីយ៍ទោ ស ថេង សំណូមពរដល់កងកម្លាំង ត្រូវរួមចិត្ត រួមកម្លាំងគ្នា រក្សាការពារសន្តិភាព ដើម្បីឲ្យប្រទេសជាតិ បន្តការអភិវឌ្ឍន៍
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ បានដឹកនាំគណៈស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត ចុះសួរសុខទុក្ខបងប្អូនកងកម្លាំងនគរបាល នៃវរៈសេនាតូចការពារព្រំដែនគោក លេខ៨២៥។
លោកវរសេនីយ៍ឯក លន់ លាង មេបញ្ជាការវរៈសេនាតូចនគរបាលការពារព្រំដែនគោក លេខ៨២៥ បានអានរបាយការណ៍ស្វាគមន៍ អំពីទីតាំងភូមិសាស្ត្រ និងសភាពការណ៍សន្តិសុខ តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា ថៃ និងកិច្ចសហការប្រតិបត្តិការ ល្បាតការពារតាមគោលដៅ និងស្ថានភាពទំនាក់ទំនងរវាងប្រទេសទាំងពីរ។
លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្ត បានមានប្រសាសន៍សំណេះសំណាល ពាំនាំនូវការសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំ រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិ ដែលតែងតែយកចិត្តទុកដាក់ របស់កងកម្លាំងនគរបាល ជាពិសេសកម្លាំងវរៈសេនាតូចនគរបាលការពារព្រំដែន ដែលជាកម្លាំងជួរមុខ ប្រឈមក្នុងសមរភូមិការពារបូរណភាពទឹកដែន រក្សាការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែន។
លោកឧត្តមសេនីយ៍ទោ ស្នងការ បានសំណូមពរដល់កងកម្លាំង ត្រូវរួមចិត្ត រួមកម្លាំងគ្នា រក្សាការពារសន្តិភាព ដើម្បីឲ្យប្រទេសជាតិ បន្តការអភិវឌ្ឍន៍ រីកចម្រើនបន្ថែមទៀត។ ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ ស្នងការ បានប្រគល់ជូនអង្ករចំនួន ២តោន មីចំនួន ២០កេសធំ ទឹកពិសារបរិសុទ្ធចំនួន ៥០កេស ភេសជ្ជៈចំនួន ៥០កេស ក្រមារចំនួន ១៦០ ត្រីខចំនួន ១៣កេស និងជូនថវិកាចំនួន ២ម៉ឺនរៀល ចំពោះកងកម្លាំងក្នុងម្នាក់ៗ ៕