សមត្ថកិច្ចខេត្តសៀមរាប បញ្ជូនខ្លួនជនសង្ស័យចំនួន ០៣នាក់ ពាក់ព័ន្ធករណីអំពើលួច ទៅសាលាដំបូងខេត្ត
ភ្នំពេញ៖ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ១៧និង០០នាទី កម្លាំងនគរបាលខេត្តសៀមរាប បានឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ពាក់ព័ន្ធករណី អំពើលួច (ឆក់កាបូប កុំព្យូទ័រ និងទូរស័ព្ទ) នៅចំណុច មុខវិទ្យាល័យអង្គរ ស្ថិតក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។ ជនរងគ្រោះឈ្មោះ Meilland Cyrielle Odette Emilie ភេទស្រី ជនជាតិបារាំង អាយុ ៣៣ឆ្នាំ មុខរបរ បុគ្គលិកសណ្ឋាគារ The Flex Hostel កាន់លិខតឆ្លងដែនលេខ 22AA62660 ស្នាក់នៅបន្ទប់ជួល ភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។ ក្រោយពីបានទទួលពាក្យបណ្ដឹងពីជនរងគ្រោះ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប ចុះធ្វើការស៊ើបអង្កេត ស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់រួមមាន៖
១-ឈ្មោះ រិទ្ធ ណារ៉ុង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ននៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប (មានសារធាតុញឿននៅក្នុងខ្លួន)។
២-ឈ្មោះ ភ័ក្ក សុផាន់ ភេទប្រុស ២២ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ននៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
៣- ឈ្មោះ ហ៊ុន ប៊ុនហៀង ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរលក់ដូរ ទីលំនៅបច្ចុប្បន្នភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
តាមចម្លើយសារភាពនៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង ០៣នាក់ ខាងលើ បានសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាព ឆក់កាបូប របស់ជនរងគ្រោះពិតប្រាកដមែន។
វត្ថុតាងដកហូតរួមមាន:
-ម៉ូតូចំនួន ០១គ្រឿង
-កុំព្យូទ័រចំនួន ០១គ្រឿង
-កាបូបស្ពាយចំនួន ០១។
ជនសង្ស័យព្រមទាំងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យជំនាញកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ៕