ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ យាងជាព្រះអធិបតីភាពក្នុងពិធីហែក្បួនឃោសនា ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ក្នុងខេត្តកំពង់ចាម
ភ្នំពេញ៖ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច យាងជាព្រះអធិបតីភាពនៅក្នុងពិធីហែក្បួនឃោសនា ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ក្នុងខេត្តកំពង់ចាម។
ពិធីនេះប្រព្រឹត្តទៅនាព្រឹកថ្ងៃសៅរ៍ ទី១៥ ខែកក្កដា ឆ្នាំ២០២៣ ចាប់ផ្តើមចេញពីឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម ដោយមានការយាង និងអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ សមាជិក សមាជិកា យុវជន យុវនារី ព្រមទាំងសកម្មជនគណបក្សមកពីបណ្តាស្រុកនានានៃខេត្តកំពង់ចាម ប្រមាណជិត ១ ០០០នាក់ ប្រកបដោយឯកសណ្ឋានពណ៌លឿងមាសស្រស់ឆើតឆាយ និងដង់ទង់ជាតិ ទង់បក្សបក់រវិចៗជាមួយយានជំនិះ ជាមួយនឹងឆន្ទៈដ៏មោះមុតរបស់សមាជិក សមាជិកា យុវជន យុវនារី ដ៏អង់អាច ចូលរួមហែរក្បួនឃោសនាបោះឆ្នោត តាមបណ្តោយផ្លូវជាតិលេខ២៧០ ឆ្ពោះទៅកាន់ទីរួមខេត្តកំពង់ចាម។
នាឱកាសនោះដែរ ព្រះអង្គក៏បានយាងចុះជួបសួរទុក្ខបងប្អូនប្រជារាស្រ្តជាអាជីវករនៅផ្សារអង្គរបាន ផ្សារពាមជីកងក្នុងស្រុកកងមាស និងប្រជារាស្រ្តនៅមូលដ្ឋានផងដែរ។ ប្រជារាស្រត្តទាំងនោះបានសម្តែងនូវគារវកិច្ចស្វាគមន៍ថ្វាយព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ប្រកបដោយការគោរពស្រឡាញ់ព្រះអង្គ និងភាពសប្បាយរីករាយ ហើយពួកគាត់ មានទាំងយុវសិស្សមួយចំនួនក៏បានសូមព្រះអង្គប្រទានការថតរូបអនុស្សាវរិយ៍ជាមួយផងដែរប្រកបដោយភាពស្និទស្នាល។
គូសបញ្ជាក់ផងដែរថា មណ្ឌលកំពង់ចាមនេះ គឺជាមណ្ឌលមួយដែល សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ អតីតព្រះប្រធានគណបក្សហ្វ៉ិនស៉ិនប៉ិច ទ្រង់គង់ប្រថាប់ជាតំណាងរាស្ត្រ ហេីយទទួលបានសំឡេងគាំទ្រយ៉ាងលេីសលុប ពីសំណាក់ប្រជារាស្ត្រខ្មែរ ដែលរស់នៅខេត្តកំពង់ចាម រហូតដល់សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ ឈ្នះឆ្នោត បានទ្រង់ការជានាយករដ្ឋមន្ត្រីទី១ នៃព្រះរាជណាចក្រកម្ពុជាទី២ និងបានបន្តដឹកនាំឲ្យប្រទេសមួយនេះដែលធ្លាប់តែបែកបាក់គ្នាជាច្រេីនភាគី ឲ្យមករួបរួមគ្នាជាធ្លុងមួយ ក្រោមព្រះរាជកិច្ចដឹកនាំដ៏ត្រឹមត្រូវនៃ ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះបរមរតកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ៕