ឧត្តមសេនីយ៍ទោ ឡោ សុខា ដឹកនាំកិច្ចប្រជុំដាក់ផែនការការងារ ចាំបាច់មួយចំនួន និងអនុវត្តន៍ផែនការសកម្មភាពការពារដំណើរការរៀបចំការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃអង្គារ ១កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ជស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំដាក់ផែនការការងារចាំបាច់មួយ ចំនួននិងការអនុវត្តន៍ ផែនការសកម្មភាពការពារដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោកលោកស្រី ស្នងការរងលោក លោកស្រីនាយ នាយរងការិយាល័យ និង.នាយផ្នែក នៃការិយាល័យជំនាញទាំងអស់ លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោក ៦២១ លោកអធិការនគរបាល ក្រុង/ស្រុក ទាំង៥ លោកនាយប៉ុស្តិ៍ច្រកទ្វារទ្វេរភាគី ទាំង០៣ ប៉ុស្តិ៍ ដែលបានចូលរួមសរុបជាង ១៣០នាក់។
ក្នុងឱកាសនោះផងដែរ លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានមានប្រសាសន៍ណែនាំដាក់ផែនការចាំបាច់មួយចំនួនទៅដល់អស់លោក លោកស្រីស្នងការរង លោកនាយការិយាល័យជំនាញព្រមទាំង លោកអធិការនគរបាលក្រុង/ស្រុកទាំងប្រាំ និងលោកមេបញ្ជាការវរព្រមទាំងកងកម្លាំងទាំងអស់ត្រូវអនុវត្តនូវរាល់តួនាទីនិងភារកិច្ច របស់ខ្លួនឲ្យបានខ្ជាប់ខ្ជួននិងស្របតាមផែនការចាំបាច់មួយចំនួនដែលបានដាក់ចេញនៅនូវផែនការការពារសន្តិសុខសណ្តាប់ធ្នាប់នៅក្នុងយុទ្ធនាការ ឃោសនាបោះឆ្នោត រហូតដល់ថ្ងៃបោះឆ្នោតជ្រើសតាំងដំណាងរាស្រ្តនីតិកាលទី៧ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដាឆ្នាំ២០២៣ រហូតដល់ថ្ងៃរាប់សន្លឹកឆ្នោត និងក្រោយពេលបោះឆ្នោតកម្លាំងនគរបាលទាំងអស់ ត្រូវប្រកាន់នូវជំហរអព្យាក្រឹត ឥតលម្អៀងក្នុងសកម្មភាពការងាររបស់ខ្លួន ត្រូវគោរពតាម ក្រមសីលធម៌សម្រាប់កងកម្លាំងនគរបាលជាតិ កងកម្លាំងទាំងអស់ដាច់ខាត ត្រូវពង្រឹងការការពារសន្តិសុខសណ្តាប់ធ្នាប់ អោយបានល្អប្រសើរហ្ម៉ត់ចត់ជាទីបំផុត និងត្រូវចាត់វិធានការតាមផ្លូវច្បាប់ឲ្យបានតឹងរឹង ទៅលើសកម្មភាពទាំងឡាយណា ដែលរារាំងដល់ដំណើរការបោះឆ្នោត។
ត្រូវយកចិត្តទុកដាក់តាមដាននៅរាល់សភាពការណ៍ ណាមួយដែលបង្កអសន្តិសុខក្នុងថ្ងៃបោះឆ្នោត និងមានកាសហការអោយបានល្អជាមួយគណៈកម្មការរៀបចំការបោះឆ្នោត គ្រប់លំដាប់ថ្នាក់មានវិធានការអប់រំ បំភ្លឺជូនមហាជនឲ្យបានយល់ពី ហេតុការណ៍ដែលបានកើតឡើងដើម្បីឲ្យគេទាំងអស់គ្នា រក្សាបាននូវភាពស្ងប់ស្ងាត់ និងដោះស្រាយបញ្ហាដោយសន្តិវិធី និងទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នានៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដែលនិងខិតជិតមកដល់នៅប៉ុន្មានថ្ងៃខាងមុខនេះផងដែរ ៕