ឯកឧត្តម សាយ សំអាល់ លើកទឹកចិត្តនិស្សិតជ័យលាភីអាហារូបករណ៍សាលាគោលនយោបាយសាធារណៈនៃសាកលវិទ្យាល័យជាតិសិង្ហបុរី និងកម្មវិធីអភិវឌ្ឍន៍ធនធានមនុស្សរបស់ជប៉ុន យកចិត្តទុកដាក់លើ ២ចំណុច
ភ្នំពេញ៖ ឯកឧត្តម សាយ សំអាល់ ជំរុញលើកទឹកចិត្ត និស្សិតជ័យលាភីអាហារូបករណ៍សាលាគោលនយោបាយសាធារណៈនៃសាកលវិទ្យាល័យជាតិសិង្ហបុរី និងកម្មវិធីអភិវឌ្ឍន៍ធនធានមនុស្សរបស់ប្រទេសជប៉ុន(JDS) ឱ្យយកចិត្តទុកដាក់លើ ២ចំណុច។
ដែល២ចំណុចនោះរួមមាន៖ ១ -ការកសាងសមត្ថភាពជំនាញរបស់ខ្លួនឱ្យបានច្បាស់លាស់តាមការកំណត់របស់សាលា។ ២ -ត្រូវប្រើឱកាសដ៏វិសេសវិសាលនេះ ដើម្បីសិក្សាឈ្វេងយល់អំពីសង្គមគេ និងពង្រីកទំនាក់ទំនងអន្តរជាតិ បង្កើនបំណិនជីវិត និងជំនាញនៃសតវត្សរ៍ទី២១ ក្លាយខ្លួនជាពលរដ្ឋសកល។
ក្នុងជំនួបជាមួយ និស្សិតជ័យលាភីអាហារូបករណ៍នៃកម្មវិធីអភិវឌ្ឍន៍ធនធានមនុស្សរបស់ប្រទេសជប៉ុន (JDS) ឆ្នាំ២០២៣ ចំនួន ២៥នាក់ និងនិស្សិតជ័យលាភីអាហារូបករណ៍នៃសាលាគោលនយោបាយសាធារណៈលីក្វាន់យូ នៃសាកលវិទ្យាល័យជាតិសិង្ហបុរី (LKY) ចំនួន ៧នាក់ កាលពីពេលថ្មីៗនេះ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកឡើងថា ប្អូនទៅសិក្សានៅក្រៅប្រទេសត្រូវចេះស្រឡាញ់សាមគ្គីភាពគ្នា កសាងទំនាក់ទំនងល្អ រៀនសូត្រភាពជាអ្នកដឹកនាំ ភាពបត់បែន គំនិតផ្តួចផ្តេីម ផលិតភាព និងជំនាញសង្គម ជាពិសេសគឺបំណិនជីវិត ដែលជំនាញទាំងនេះនឹងអាចប្រែក្លាយប្រជាជនកម្ពុជា ទៅជាប្រជាជនសកល។
ឯកឧត្តម សាយ សំអាល់ បានបន្ថែមថា សមត្ថភាពនិងជំនាញទាំងនេះ នឹងធ្វើឱ្យយុវជនកម្ពុជាកាន់តែមានភាពជឿជាក់លើខ្លួនឯងក្នុងការបំពេញកិច្ចការរបស់ខ្លួនផ្ទាល់ឆ្ពោះទៅកាន់ភាពជោគជ័យលើជីវិតការងារ គ្រួសារ និងរួមចំណែកអភិវឌ្ឍជាតិ ឱ្យដើរទាន់ដំណើរវិវត្តន៍របស់ពិភពលោកបច្ចុប្បន្ន៕