អភិបាលខេត្តព្រះសីហនុ អនុញ្ញាតឱ្យទូក កាណូតធ្វើដំណើរបានឡើងវិញ តែសូមឱ្យមានការប្រុងប្រយ័ត្នបន្ថែម
ព្រះសីហនុ៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣នេះ បានសម្រេចអនុញ្ញាតឲ្យមានការធ្វើដំណើរតាមផ្លូវទឹកឡើងវិញ បន្ទាប់ពីផ្អាកជាបណ្ដោះអាសន្នមួយរយៈដោយសារកត្តាអាកាសធាតុមិនអំណោយផល។
តាមរយៈវីដេអូណែនាំឯកឧត្តម គួច ចំរើន បានអះអាងថា ការសម្រេចឲ្យធ្វើដំណើរតាមផ្លូវទឹកឡើងវិញនេះ ក្រោយតាមដានបញ្ហាអាកាសធាតុយ៉ាងយកចិត្តទុកដាក់ និងមើលឃើញថា ស្ថានភាពហាក់ល្អប្រសើរឡើងវិញ ដោយរលកមានកម្ពស់ខ្ពស់ជាងធម្មតាបន្ដិច ដូច្នេះហានិភ័យមានការថយចុះ និងម្យ៉ាងដោយសារមានតម្រូវការចាំបាច់ក្នុងការដឹកជញ្ជូនស្បៀងអាហាររបស់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដាកោះជាដើម។
សម្រាប់ប្រជានេសាទវិញ ក៏ត្រូវបានអនុញ្ញាតឲ្យចេញទៅនេសាទផងដែរ ប៉ុន្ដែមិនអនុញ្ញាតឲ្យដេកផ្លូវនោះទេ ពោលទៅនេសាទព្រឹក ត្រូវត្រឡប់មកវិញល្ងាច ទៅល្ងាច ត្រូវត្រឡប់មកវិញព្រលប់ ព្រោះងាយស្រួលក្នុងការផ្ដល់ព័ត៌មានក្នុងករណីអាកាសធាតុមានការប្រែប្រួលជាយថាហេតុណាមួយកើតឡើង។ ទាំងអ្នករស់នៅតាមបណ្ដាកោះ ទាំងអ្នកនេសាទ ក្នុងពេលធ្វើដំណើរតាមផ្លូវទឹក ត្រូវតែមានសម្ភារសង្គ្រោះឲ្យបានគ្រប់គ្រាន់ ដោយក្នុងនោះត្រូវពាក់អាវពោងឲ្យជាប់មិនត្រូវធ្វេសប្រហែសឡើយ។
ជាមួយគ្នានេះ អាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច ត្រូវត្រៀមលក្ខណៈជាប់ជាប្រចាំ ដើម្បីចេញអន្ដរាគមន៍ក្នុងករណីចាំបាច់ណាមួយ ជាពិសេសត្រូវនៅជាប់ជាមួយប្រជាពលរដ្ឋជានិច្ច ខ្លាចក្រែងពួកគាត់ត្រូវការជំនួយក្នុងករណីបន្ទាន់៕