ថ្នាក់ដឹកនាំ ស.ស.យ.ក រាជធានី-ខេត្ត កំពុងបន្តផ្តល់វគ្គបណ្តុះបណ្តាល ស្តីពីតួនាទីភារកិច្ច និងក្រមសីលធម៌ សម្រាប់អ្នកសង្កេតការណ៍ជាតិ ជូនដល់សមាជិក
ភ្នំពេញ៖ ថ្នាក់ដឹកនាំ ស.ស.យ.ក រាជធានី ខេត្ត បាន និងកំពុងបន្តផ្តល់វគ្គបណ្តុះបណ្តាល ស្តីពីតួនាទី ភារកិច្ច និងក្រមសីលធម៌ សម្រាប់អ្នកសង្កេតការណ៍ជាតិ ជូនដល់សមាជិក សមាជិកា ស.ស.យ.ក. ដែលនឹងត្រូវចូលរួមសង្កេតកាណ៍ក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ ខាងមុខនេះ។
សូមជម្រាបជូនថា ផ្តើមចេញពីមនសិការនៃភាពជាគំរូរបស់យុវជន ក្នុងការចូលរួមធានាដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា សហភាពសហព័ន្ធយុវជនកម្ពុជា បានចូលរួមចំណែកជាមួយគណៈកម្មាធិការជាតិរៀបចំបោះឆ្នោត (គ.ជ.ប.) ក្នុងដំណើរការសង្កេតការណ៍ការពិនិត្យបញ្ជីឈ្មោះបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត តាមរយៈយុទ្ធនាការពលរដ្ឋល្អ ក្នុងគោលបំណងចូលរួមចំណែកតាមលទ្ធភាពជាមួយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតគ្រប់កម្រិត ដើម្បីជំរុញដំណើរការបោះឆ្នោតឱ្យប្រព្រឹត្តទៅដោយរលូន សេរី ត្រឹមត្រូវ និងយុត្តិធម៌៕