អ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព អញ្ជើញបិទយុទ្ធនាការឃោសនាបោះឆ្នោត ដែលមានសមាជិក-សមាជិកាគណបក្សចូលរួមជាង ៧០០នាក់ នៅស្រុកកណ្ដាលស្ទឹង
ភ្នំពេញ៖ អ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី២ ក្រុមការងារចុះពង្រឹងមូលដ្ឋានស្រុកកណ្ដាលស្ទឹង នាព្រឹកថ្ងៃសុក្រ ៤កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។
ឆ្លៀតក្នុងឱកាសនេះ អ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព បានថ្លែងទៅកាន់សមាជិក-សមាជិកាគណបក្សដែលអញ្ជើញចូលរួមទាំងជាង ៧០០ នាក់ ថាថ្ងៃនេះគឺជាថ្ងៃចុងក្រោយនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដូច្នេះថ្ងៃបោះឆ្នោតនឹងឈានចូលមកដល់ក្នុងពេលដ៏ឆាប់ខាងមុននេះហើយ។
នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ គឺជាថ្ងៃដែលយើងទាំងអស់គ្នាត្រូវចូលរួមបង្ហាញនូវក្ដីស្រឡាញ់ និងការដឹងគុណចំពោះគណបក្សប្រជាជនកម្ពុជាព្រោះថា បើគ្មានគណបក្សប្រជាជនកម្ពុជានោះទេ គឺគ្មានសុខសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃនេះទេ។
អ្នកឧកញ៉ាបានបន្ថែមទៀតថា បន្ទាប់ពីការបោះឆ្នោតខាងមុខនេះរួច ឃុំត្បែងនឹងមានការរីកចំរើនកាន់តែខ្លាំងបន្ថែមទៀត ៕