អ្នកគាំទ្រប្រមាណ ៣,៥០០នាក់ មកពីឃុំទាំង១១នៃស្រុកកោះធំ សំដែងឆន្ទៈគាំទ្រគណបក្សប្រជាជនកម្ពុជាយ៉ាងក្លៀវក្លាក្នុងពិធីបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោត
ភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកោះធំ រួមជាមួយ ឯកឧត្តម ឈាង រ៉ា អនុប្រធានទី១ គណៈអចិន្ត្រៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងសំពៅពូន នាព្រឹកថ្ងៃសុក្រ ៤កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ឆ្នាំ២០២៣ ដែលបានប្រព្រឹត្តទៅនៅទីលានកីឡដ្ឋានស្រុកកោះធំ ដោយមានការចូលរួមពីអ្នកគាំទ្រប្រមាណជាង ៣,៥០០នាក់ មកពីឃុំទាំង១១ ក្នុងស្រុកកោះធំ ខេត្តកណ្តាល។
ថ្លែងទៅកាន់អ្នកគាំទ្រនាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះឆន្ទៈរបស់មន្ត្រីគណបក្ស គណៈអចិន្ត្រៃយ៍ ក្រុមការងារគណបក្សចុះមូលដ្ឋានគ្រប់ថ្នាក់ សមាជិកសមាជិកានិងអ្នកគាំទ្ររបស់គណបក្សប្រជាជនកម្ពុជា ដែលបានបំពេញភារកិច្ចជោគជាំ ប្រកបដោយភាពជិតស្និទ្ធជាមួយប្រជាជន ដឹងសុខទុក្ខក្នុងជីវភាពរស់នៅ ដឹងសំណូមពររបស់ប្រជាជន និងដោះស្រាយបញ្ហាជូនប្រជាជនបានទាន់ពេលវេលា តាមលទ្ធភាពជាក់ស្ដែង។
បន្ថែមពីលើនេះ ឯកឧត្តមទេសរដ្ឋមន្ត្រីបានផ្តាំផ្ញើដល់សមាជិកសមាជិកា និងអ្នកគាំទ្រគណបក្សទាំងអស់សូមរក្សាភាពស្ងប់ស្ងាត់នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣ និងមានការប្រុងប្រយ័ត្នចំពោះសកម្មភាពទាំងឡាយណា ដែលប៉ះពាល់ដល់បទបញ្ញត្តិនៃបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ផងដែរថា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ជាកាលបរិច្ឆេទចំណុចខ្ពស់ពោលគឺជាកាលបរិច្ឆេទបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ប្រកបដោយអត្ថន័យយ៉ាងជ្រាលជ្រៅ និងជាកត្តាកំណត់ជ័យជំនះសម្រាប់ដំណើរការរីកចម្រើនបន្តទៅមុខទៀតរបស់ព្រះរាជាណាចក្រកម្ពុជា និងបានអំពាវនាវសុំឱ្យអ្នកស្រុកកោះធំ ក៏ដូចជាប្រជាជនកម្ពុជាទូទាំងប្រទេសអញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដើម្បីរក្សាសុខសន្តិភាព និងការអភិវឌ្ឍ។ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺបោះឆ្នោតជូនសម្ដេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រី ការពារសន្តិភាព និងសមិទ្ធផលសង្គមនានាផងដែរ។
ជាទីបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្ត្រី បានស្នើសុំឱ្យមន្ត្រីគ្រប់មណ្ឌលសកម្មភាពបក្ស ប្រធាន-អនុប្រធានក្រម គ្រួសារបក្សនីមួយៗពិនិត្យសមាជិកគ្រួសារបក្សនីមួយៗអំពីអត្តសញ្ញាណសម្រាប់បោះឆ្នោត និងដឹកនាំសមាជិកគ្រួសារបក្សអញ្ជើញទៅបោះឆ្នោតនៅការិយាល័យបោះឆ្នោតរបស់ខ្លួនឱ្យបានទាន់ពេលវេលា។
សូមបងប្អូនប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខឱ្យបានគ្រប់ៗគ្នា ដើម្បីបំពេញតួនាទីជាពលរដ្ឋល្អ។ ជ្រើសរើសគណបក្សដែលនាំនូវសុខសន្តិភាព និងការអភិវឌ្ឍពិតប្រាកដជូនប្រទេសជាតិ សូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨។ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដើម្បីគាំទ្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី សម្រាប់អាណត្តិទី៧ និងអាណត្តិបន្តបន្ទាប់ទៀត ៕