គិតត្រឹមម៉ោងជាង១រសៀលនេះ ប្រជាពលរដ្ឋដែលបានទៅបោះឆ្នោតមានប្រមាណជាង៧លាននាក់ ស្មើនឹង៧៤,០២ភាគរយ
ភ្នំពេញ៖ ឯកឧត្តម ឌឹម សុវណ្ណារុំ សមាជិក និងជាប្រធានក្រុមប្រតិកម្មព័ត៌មានរហ័សនៃគណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានគូសបញ្ជាក់ថា គិតត្រឹមម៉ោង០១:០២នាទី នារសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ មានប្រជាពលរដ្ឋប្រមាណ ៧,១៨៧,៧០៥នាក់ ស្មើនឹង៧៤,០២ភាគរយហើយ ដែលបានអញ្ជើញទៅបោះឆ្នោតជ្រើស តាំងតំណាង រាស្រ្ដ នីតិកាលទី៧ ដើម្បីបំពេញសិទ្ធិជាពលរដ្ឋ ក្នុងការជ្រើសរើសមេដឹកនាំប្រទេស។
សូមជម្រាបជូនផងដែរថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ឆ្នាំ២០២៣នេះ មានប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចំនួន ៩,៧១០,៦៥៥នាក់ មានគណបក្សនយោបាយចូលរួមប្រកួតប្រជែងការបោះឆ្នោតចំនួន១៨ គណបក្ស និង មានការិយាល័យបោះឆ្នោតសរុបចំនួន ២៣,៧៨៩ការិយាល័យ៕