សម្ដេចតេជោ ហ៊ុន សែន បង្ហើបថា គណៈរដ្ឋមន្ត្រីថ្មីនឹងបង្កើតឡើង នៅពេលណា គឺអាស្រ័យលើលទ្ធផលឆ្នោត
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហើបឱ្យដឹងដែរថា គណៈរដ្ឋមន្ត្រីថ្មីនឹងបង្កើតឡើង មិនដឹងថានៅពេលណា គឺអាស្រ័យ នៅលើលទ្ធផលឆ្នោត ដែលមានសេនារីយោថា “សម្ដេចអាចបន្ត” ឬដែលមាន “នាយករដ្ឋមន្ត្រីថ្មី” ចាប់ផ្ដើមដែលនេះជាការគិតគូរយ៉ាងម៉ត់ចត់របស់សម្ដេច និងគណបក្សប្រជាជនកម្ពុជាដើម្បីរក្សា បាននូវសន្តិភាព ស្ថេរភាព និរន្តរភាព និងការអភិវឌ្ឍដែលមិនមានឧបសគ្គណា ដែលអាចបង្កឲ្យ ប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាជនឡើយ។
ការបង្ហេីបរបស់សម្ដេចតេជោ ធ្វេីឡេីងក្នុងឱកាសអនុញ្ញាតឲ្យប្រតិភូអ្នកសង្កេតការណ៍បោះ ឆ្នោតអន្តរជាតិចូលជួបសំដែងការគួរសមនិងពិភាក្សាការងារ នាថ្ងៃទី២២ ខែកក្កដា ។
សូមជម្រាបថា ប្រតិភូសង្កេតការណ៍ អន្តរជាតិមានចំនួន៨៥នាក់ក្នុងចំណោម៣៣៤រូបមកពី៦៥ប្រទេសដែលនឹងត្រូវចូលរួមង្កេតការណ៍បោះឆ្នោតដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៣ កក្កដា ស្អែកនេះ។
នៅក្នុងជំនួបនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូទាំង អស់ជាអ្នកសង្កេតការណ៍អន្តរជាតិដែលបានអញ្ជើញមកចូលរួមពិនិត្យ តាមដាននិងសិក្សា ដកយកបទ ពិសោធន៍ប្រជាធិបតេយ្យនៅកម្ពុជាដែលបង្ហាញអំពីការរីកលូតលាស់នៃ លទ្ធិប្រជាធិបតេយ្យនៅ កម្ពុជា។
សម្ដេចតេជោបានមានប្រសាសន៍បញ្ជាក់ថា សម្ដេចបានសង្កេតឃើញថាអ្នកសង្កេតការណ៍អន្តរជាតិ ដែលមកឃ្លាំមើលការបោះឆ្នោតនៅកម្ពុជាលើកនេះគឺមានចំនួនយ៉ាងច្រើនជាងកាលពីបោះឆ្នោតកន្លងទៅ ហើយអ្នកសង្កេតការណ៍ទាំងអស់នឹងតាមដានឃ្លាំមើលការបោះឆ្នោតនៅថ្ងៃស្អែក នៅតាមទីកន្លែង បោះឆ្នោតនានាទូទាំងប្រទេសដោយសេរីហើយនឹងបានឃើញភាព ជាក់ស្តែងនៃការអនុវត្តលទ្ធិប្រជា ធិបតេយ្យនៅកម្ពុជា។
អ្នកសង្កេតការណ៍មកពីប្រទេសមួយចំនួនមានការចាប់អារម្មណ៍ដូចជា ប្រធានសភាម៉ាឡេស៊ីនៅក្នុង តំណែង, អតីតនាយករដ្ឋមន្ត្រីស្រីលង្ការ, អតីតប្រធានសភាប៉ាគីស្ថាន, គណៈប្រតិភូគណៈកម្មការ អចិន្ត្រៃយ៍, គណបក្សកុម្មុយនីស្តចិន, តំណាងសមាគមសភាមកពីអាហ៊្សែបៃហ្សង់ ,ប្រតិភូមកពី អង្គការហ្រ្វង់កូហ្វូនី, កូឌីវ័រ, កូឡំប៊ី, នីហ្សេរីយ៉ា, អារ៉ាប់រួមអេមីរ៉ាត់, អតីតប្រធានាធិបតី អេក្វាឌ័រ , សមាជិកសភាមកពីប្រទេសប៉ាគីស្ថាន, តំណាងអតីតប្រធានសភាមកពីឥណ្ឌូណេស៊ី, អគ្គលេខាធិការ អាយប៉ា, ហ្វីលីពីន, អង្គការសហប្រតិបត្តិការសៀងហៃ និងរុស្ស៊ីជាដើម ដែលគណៈប្រតិភូទាំងអស់ នេះសុទ្ធតែបានសម្ដែងនូវការចាប់អារម្មណ៍ចំពោះសភាពការយ៉ាងល្អប្រសើរនៅកម្ពុជា ជាពិសេស ការរីកចម្រើននៅកម្ពុជាដោយគណៈប្រតិភូខាងលើនេះមួយចំនួនធ្លាប់បានមើលឃើញកាលពីអំឡុងពេលបោះឆ្នោតលើកមុនៗ និងមួយចំនួនទៀតក៏ធ្លាប់បានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា កាលពី អតីតកាលផងដែរ។ បណ្ដាប្រតិភូទាំងអស់បានកោតសរសើរចំពោះការរីកចម្រើនយ៉ាងលឿន ទាំងខាង នយោបាយ សេដ្ឋកិច្ច និងការអភិវឌ្ឍន៍ ជាពិសេសអគារខ្ពស់ៗ ផ្លូវល្អស្អាត សណ្ដាប់ធ្នាប់ ហើយប្រជា ជនរស់នៅមានទឹកមុខរីករាយ ដែលបង្ហាញពីការរស់នៅប្រកបដោយជីវភាពកាន់តែល្អប្រសើរជា លំដាប់។
សម្ដេចតេជោ ក៏បានពន្យល់អំពីប្រព័ន្ធបោះឆ្នោតនៅកម្ពុជា ដែលបានប្រព្រឹត្តទៅយ៉ាងទៀង ទាត់ជា រៀងរាល់ប្រាំឆ្នាំម្ដង គឺនៅថ្ងៃអាទិត្យសប្តាហ៍ទី៤នៃខែកក្កដា រៀងរាល់៥ឆ្នាំម្តងជាទៀងទាត់ ដែលនេះ បង្ហាញពីប្រទេសមួយ ដែលបានបោះឆ្នោតជាទៀងទាត់តាមការកំណត់ ហើយដែល គណបក្សនយោ បាយនានាមានពេលវេលាគ្រប់គ្រាន់ គឺរយៈពេល៥ឆ្នាំសម្រាប់រៀបចំការចូលរួមក្នុងការបោះឆ្នោត។
សម្ដេចតេជោ ក៏បានជម្រាបជូនអំពីការបោះឆ្នោតនៅកម្ពុជាតាមបែបសមាមាត្រនៅតាមខេត្ត ដែលបាន ចាប់អនុវត្តចាប់តាំងពីមានកិច្ចព្រមព្រៀងទីក្រុងប៉ារីស ហើយបទពិសោធន៍នេះ បានបង្ហាញឱ្យឃើញថា យើងបានរារាំងនូវការចូលរួមរបស់ខ្មែរក្រហមប្រសិនបើជាយើងធ្វើការបោះឆ្នោត សមាមាត្រនៅទូទាំង ប្រទេស ដែលខ្មែរក្រហមមានអាសនៈក្នុងសភាគឺអង្គការស្របច្បាប់ នោះយើងមិនអាចចាប់កាត់ទោស ខ្មែរក្រហមដែលយើងបានធ្វើកន្លងមកនោះបានទេ។ ហើយការអនុវត្តតាមបែបសមាមាត្រនៅតាមខេត្ត គឺធ្វើឲ្យខ្មែរក្រហមមិនអាចមានសំឡេងគ្រប់គ្រាន់ដើម្បីដណ្ដើមកៅអីនៅក្នុងសភាបានឡើយ។
សម្ដេចក៏បាន ជម្រាបជូនប្រតិភូអំពីអ្នកបន្តវេនវ័យក្មេង ដែលអនុញ្ញាតឲ្យអ្នកជំនាន់ក្រោយ ដែលទទួល បានការសិក្សាបានខ្ពង់ខ្ពស់ ទាំងផ្នែកបច្ចេកវិទ្យា ឌីជីថលបានបន្តដឹកនាំបន្ទាប់ពីមនុស្សជំនាន់ចាស់ ដែលទាំងអស់នេះគឺជាការត្រៀម ដើម្បីបន្តនិរន្តរភាពទាំងស្ថិរភាពនយោបាយ និងសេដ្ឋកិច្ច ចៀសវាង ការរំជើបរំជួល ឬសង្គ្រាមដែលនាំឲ្យខូចខាត និងប៉ះពាល់ដល់សេដ្ឋកិច្ចនិងការអភិវឌ្ឍប្រទេស។
សម្ដេចក៏បានបង្ហើបឱ្យដឹងដែរថា គណៈរដ្ឋមន្ត្រីថ្មីនឹងបង្កើតឡើង មិនដឹងថានៅពេលណា គឺអាស្រ័យ នៅលើលទ្ធផលឆ្នោត ដែលមានសេនារីយោថា “សម្ដេចអាចបន្ត” ឬដែលមាន “នាយករដ្ឋមន្ត្រីថ្មី” ចាប់ផ្ដើមដែលនេះជាការគិតគូរយ៉ាងម៉ត់ចត់របស់សម្ដេច និងគណបក្សប្រជាជនកម្ពុជាដើម្បីរក្សា បាននូវសន្តិភាព ស្ថេរភាព និរន្តរភាព និងការអភិវឌ្ឍដែលមិនមានឧបសគ្គណា ដែលអាចបង្កឲ្យ ប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាជនឡើយ។គណៈប្រតិភូទាំងអស់ក្រោយពីបានស្ដាប់នូវការពន្យល់បកស្រាយយ៉ាងក្បោះក្បាយរបស់សម្ដេចតេជោ ពួកគាត់បានបង្ហាញនូវការពេញចិត្តយ៉ាងខ្លាំងចំពោះការដឹកនាំប្រទេសប្រកបដោយភាពម៉ឺងម៉ាត់ ម៉ត់ ចត់ របស់សម្ដេច ដោយបានប្រែក្លាយប្រទេសពីសង្គ្រាមមកសន្តិភាព និងពីការបែកបាក់មកជាការរួប រួមគ្នាជាធ្លុងមួយ។ ឆ្លៀតក្នុងឱកាសនោះផងដែរ គណៈប្រតិភូទាំងអស់ក៏បានជូនពរសម្ដេចតេជោ និងប្រជាពលរដ្ឋកម្ពុជាឲ្យទទួលបានជោគជ័យយ៉ាងត្រចះត្រចង់សម្រាប់ការបោះឆ្នោតនៅថ្ងៃទី ២៣ កក្កដា ២០២៣នេះ ៕