ឯកឧត្តម គង់ សោភ័ណ្ឌ អរគុណចំពោះ ប្រជាពលរដ្ឋក្នុងខេត្តកណ្តាលទាំងអស់ ដែលបាននាំគ្នាចេញទៅបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣
ភ្នំពេញ៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល អរគុណចំពោះ ប្រជាពលរដ្ឋក្នុងខេត្តកណ្តាលទាំងអស់ ដែលបាននាំគ្នាចេញទៅបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម គង់ សោភ័ណ្ឌ បានលើកឡើងយ៉ាងដូច្នេះថា “ក្នុងនាមខ្លួនខ្ញុំបាទផ្ទាល់ សូមគោរពកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះក្រុមការងារគ្រប់លំដាប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តកណ្តាលទាំងអស់ ដែលបាននាំគ្នាចេញទៅបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ នេះយ៉ាងច្រើនកុះករមានរហូតដល់ ៨៩.១៥% និងបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឈ្នះភ្លូកទឹកភ្លូកដីរហូតដល់ ៨៣.៥៩% (លទ្ធផលបណ្តោះអាសន្ន) បើទោះបីជាមានភ្លៀងធ្លាក់រលឹមស្រិចៗយ៉ាងណាក៏ដោយ ដែលចំនួននេះមានច្រើនជាងចំនួនអ្នក ទៅបោះឆ្នោតជាតិឆ្នាំ២០១៨ និងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២ សម្រាប់មូលដ្ឋានខេត្តកណ្តាល”។
ជាមួយគ្នានេះ ឯកឧត្តម គង់ សោភ័ណ្ឌ បានបន្តថា ការអញ្ញើញទៅបោះឆ្នោតដ៏ច្រើនលើសលប់នេះ ឆ្លុះបញ្ចាំងពីការបំពេញកាតព្វកិច្ច និងការអនុវត្តសិទ្ធិជាពលរដ្ឋតាមបែបលទ្ធិប្រជាធិបតេយ្យ ក្នុងការបោះឆ្នោតជ្រើសរើសគណបក្សដែលខ្លួនស្រឡាញ់ពេញចិត្ត ជឿទុកចិត្ត ដើម្បីដឹកនាំប្រទេសឲ្យមានសន្តិភាព និងការអភិវឌ្ឍឲ្យកាន់តែរុងរឿងសម្បូរសប្បាយថែមទៀត។
ជាទីបញ្ចប់ ឯកឧត្តម គង់ សោភ័ណ្ឌ ក៏បានជូនពរ លោកតា លោកយាយ អ៊ុំ ពូ មីង បងប្អូនប្រជាពលរដ្ឋខេត្តកណ្តាលទាំងអស់ សូមប្រកបដោយពុទ្ធពរ និងពរទាំង៥ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ ៕