លោកជំទាវ ឃួន សុដារី ដឹកនាំកិច្ចប្រជុំលើកទី៥ របស់គណៈកម្មការ និងអនុគណៈកម្មការរៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ និងវេទិកាយុវជនលើកទី២ នៃសមាគមជាតិកាកបាទក្រហម
ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៥ របស់គណៈកម្មការ និងអនុគណៈកម្មការរៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ និងវេទិកាយុវជនលើកទី២ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ី-អាគ្នេយ៍ ដែលកាកបាទក្រហមកម្ពុជា ធ្វើជាម្ចាស់ផ្ទះ នៅថ្ងៃទី ១៧-២២ ខែកញ្ញា ឆ្នាំ២០២៣ខាងមុខនេះ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី លោកជំទាវកិត្តិបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិកកាកបាទក្រហមកម្ពុជា ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា នៃគណៈកម្មការ អនុគណៈកម្មការ សរុបចំនួន ៤៩នាក់។
របៀបវារៈនៃកិច្ចប្រជុំនេះរួមមាន ៖
-ពិនិត្យវឌ្ឍនភាព ការងាររៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ និងវេទិកាយុវជនលើកទី២។
-ពិភាក្សាលើការងាររៀបចំបន្ត តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជំហានអនុវត្តបន្ត។
-ប្រសាសន៍ផ្តាំផ្ញើ និងអនុសាសន៍របស់ លោកជំទាវកិត្តិសង្គហបណ្ឌិត ប្រធានអង្គប្រជុំ។
-បញ្ហាផ្សេងៗ ៕