ឯកឧត្តម ឈួរ សុបញ្ញា អញ្ជើញបិទវគ្គបណ្តុះបណ្តាល ស្ដីពីការអនុវត្តកម្មវិធី និងការឧបត្ថម្ភអត្រាថ្មី សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆាំ្ន នៅខេត្តកំពង់ស្ពឺ
ភ្នំពេញ៖ ឯកឧត្តម ឈួរ សុបញ្ញា រដ្ឋលេខាធិការ និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃមូលនិធិជាតិជំនួយសង្គម នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ស្ដីពីការអនុវត្តកម្មវិធី និងការឧបត្ថម្ភអត្រាថ្មី សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆាំ្ន នៅខេត្តកំពង់ស្ពឺ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោកជំទាវ ឡុង បូណារេត អភិបាលរងខេត្តកំពង់ស្ពឺ, លោកស្រី ស្រី លីណា ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត, ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត, ប្រធានមន្ទីរផែនការខេត្ត, លោក លោកស្រី អភិបាល អភិបាលរងក្រុង ស្រុក, លោក លោកស្រី ប្រធាន អនុប្រធានការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គមក្រុង ស្រុក, លោក លោកស្រី ជាមេឃុំ ចៅសង្កាត់, ប្រធានប្រតិបត្តិកម្មវិធី និងមន្រ្តីទទួលបន្ទុកកម្មវិធីឃុំ សង្កាត់ និងស្រុកប្រតិបត្តិ រួមទាំង មូលដ្ឋានសុខាភិបាលសាធារណៈ, តំណាងមូលនិធិសហប្រជាជាតិដើម្បីកុមារប្រចាំប្រទេសកម្ពុជា (UNICEF) និងលោក លោកស្រី នាងកញ្ញា ភ្ញៀវកិត្តិយស សិក្ខាកាមជាច្រើនរូបទៀត។
ក្នុងឱកាសនោះដែរ ឯកឧត្តម ឈួរ សុបញ្ញា ពិតជាមានសេចក្ដីសោមនំស្សរីករាយយ៉ាងក្រៃលែង ដែលមានកិត្តិយសចូលរួមជាមួយ លោកជំទាវ អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម និងលោក លោកស្រី នាងកញ្ញា ក្នុងពិធីបិទវគ្គ បណ្តុះបណ្តាល ស្តីពី ការអនុវត្តកម្មវិធី និងការឧបត្ថម្ភអត្រាថ្មី សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ នាពេលនេះ។
ជាកិច្ចចាប់ផ្ដើម ជំនួសឱ្យឯកឧត្តមរដ្ឋមន្ត្រី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្នុងនាមខ្លួន ឯកឧត្តមផ្ទាល់ ឯកឧត្តមសូមសម្ដែងអំណរស្វាគមន៍យ៉ាងជ្រាវជ្រៅ ចំពោះវត្តមានដ៏ថ្លៃថ្លា របស់លោកជំទាវ ឡុង បូណារ៉េត អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ដែលចំណាយពេលវេលាដ៏មមាញឹក អញ្ជើញជាអធិបតី ក្នុងពិធីដ៏ មានសារៈសំខាន់នេះ។ ឯកឧត្តម ឈួរសុបញ្ញា ក៏សូមថ្លែងអំណរគុណចំពោះរដ្ឋបាលខេត្តកំពង់ស្ពឺ ពិសេស ឯកឧត្តម អភិបាលនៃគណៈ អភិបាលខេត្តផ្ទាល់ ដែលបានសហការសម្របសម្រួល និងផ្តល់ទីកន្លែងសម្រាប់ប្រារព្ធកម្មវិធីនេះ ព្រមទាំង បាននឹងកំពុងជំរុញឱ្យកម្មវិធីជំនួយសង្គមនានា ដំណើរទៅដោយរលូន ធានាបាននូវសង្គតិភាព តម្លាភាព គណនេយ្យភាព ប្រសិទ្ធផល និងប្រសិទ្ធភាពខ្ពស់។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមក៏សូមពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងឯកឧត្តម សំហេង បុរស រដ្ឋមន្ត្រីប្រតិភូ អមនាំយករដ្ឋមន្ត្រី រដ្ឋលេខាធិការ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃមូលនិធិជាតិជំនួយសង្គម ដែលលោក តែងតែនឹករលឹក គិតគូរ និងបានធ្វើការកោតសរសើរដោយស្មោះ ចំពោះស្នាដៃ សមិទ្ធិផល ដែលស្តែងចេញពីកិច្ច ខិតខំប្រឹងប្រែង របស់លោក លោកស្រី នាងកញ្ញា ជាក្រុមការងារបច្ចេកទេស នៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទាខេត្ត មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត មន្ទីរផែនការខេត្ត ព្រមទាំង រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ មូលដ្ឋានសុខាភិបាលសាធារណៈ និងមន្ត្រីទទួលបន្ទុកអនុវត្តកម្មវិធីឃុំ សង្កាត់ ដែលបាននឹងកំពុងអនុវត្ត ក្របខណ្ឌការងារ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ទាំងការផ្តល់សេវាសាធារណៈ និងទាំងការអនុវត្តកម្មវិធីជំនួយ សង្គមនានា របស់រាជរដ្ឋាភិបាល ដែលបាននឹងកំពុងអនុវត្តក្នុងក្របខណ្ឌទូទាំងប្រទេស និយាយរួម និងក្នុងក្រប ខ័ណ្ឌខេត្ត និយាយដោយឡែក ឱ្យទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ជាបន្តបន្ទាប់។
ឯកឧត្តម ឈួរ សុបញ្ញា ក៏សូមថ្លែងអំណរគុណ ជូនចំពោះមូលនិធិសហប្រជាជាតិដើម្បីកុមារ ប្រចាំប្រទេសកម្ពុជា ហៅកាត់ថា UNICEF ដែលបានចូលរួមចំណែកគាំទ្រទាំងផ្នែកបច្ចេកទេស និងថវិកាក្នុងការអនុវត្តកម្មវិធីកន្លងមក និងសូម លើកចិត្តបន្តគាំទ្រកម្មវិធីរបស់យើងជាបន្តបន្ទាប់ទៀត។
ឯកឧត្តម ឈួរ សុបញ្ញា ក៏បានមានប្រសាសន៍ថា ដើម្បីឆ្លើយតបទៅនឹងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ អំពី ការតម្លើងអត្រាឧបត្ថម្ភថ្មី សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូន ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ និងដោយមានការណែនាំចង្អុលបង្ហាញពី ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និង ក្រុមប្រឹក្សាភិបាលមូលនិធិជាតិជំនួយសង្គម ខ្ញុំបាទបានដឹកនាំនាយកដ្ឋានជំនាញ នៃមូលនិធិជាតិជំនួយសង្គម រៀបចំនូវសេចក្តីព្រាងអនុក្រឹត្យ ស្តីពី ការកែសម្រួល និងការបំពេញបន្ថែមនៃអនុក្រឹត្យលេខ ២៤៥អនក្រ.បក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ស្ដីពីការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុ ក្រោម២ឆ្នាំ ដែលគ្រោងនឹងចាប់ផ្តើមអនុវត្តនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ខាងមុខនេះ។
ឯកឧត្តមមានប្រសាសន៍បន្តថា កម្មវិធីនេះ មិនត្រឹមតែផ្ដល់នូវសាច់ប្រាក់នោះទេ ប៉ុន្តែវាជាផ្នែកមួយក្នុងការជំរុញលើកទឹកចិត្តដល់អ្នក ទទួលផល ឱ្យទទួលយកសេវាសុខភាព របស់មូលដ្ឋានសុខាភិបាលសាធារណៈជាជម្រើសតំបូង ពិសេសទៀតនោះ គឺបាននឹងកំពុងជំរុញការផ្លាស់ប្តូររិយាបទ របស់ក្រុមគោលដៅ តាមរយៈ ការផ្សព្វផ្សាយសុខភាពមាតា ទារក និងអាហាររូបត្ថម្ភ សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ តាមសហគមន៍ ដោយ អ.គ.ន.ក ឃុំ សង្កាត់។
ទន្ទឹមនេះ ឯកឧត្តម បានបញ្ជាក់ជូនផងដែរថា រាជរដ្ឋាភិបាលបានគិតគូរជាប្រចាំ ក្នុងការបំពេញបាននូវភាពគ្រប់ជ្រុងជ្រោយ ផ្នែកជីវភាព និងកសាងបានមូលធនមនុស្ស លុបបំបាត់ឱ្យបាននូវ ភាពក្រីក្រក្នុងសហគមន៍ និងសំដៅអភិវឌ្ឍឥឈប់ឈរគ្រប់វិស័យ។
មូលនិធិជាតិជំនួយសង្គមក៏មានឆន្ទៈ ក្នុងការពង្រីកវិសាលភាពកម្មវិធីជំនួយសង្គម សំដៅគ្របដណ្ដប់ លើមនុស្សគ្រប់វ័យ ជាក់ស្ដែងគឺបាននឹងកំពុងរៀបចំ «កម្មវិធីជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ដែលត្រូវធ្វើ សមាហរណកម្មកម្មវិធីជំនួយសង្គមបញ្ចូលគ្នា ក្នុងកញ្ចប់តែមួយ រួមមាន កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រី មានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនមានពិការភាព កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ដល់សិស្សក្រីក្រនៅបឋមសិក្សា និងមធ្យមសិក្សា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនមនុស្សវ័យចាស់អាយុ៦០ឆ្នាំឡើង និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនអ្នកផ្ទុកមេរោគអេដស៏និងជំងឺអេដស៏ ហើយគ្រោងដាក់ឱ្យដំណើរការនៅដើម ឆ្នាំ២០២៤ខាងមុខនេះ។
ឯកឧត្តម ឈួរ សុបញ្ញា បានបញ្ជាក់ថា ការចូលរួមរបស់លោក លោកស្រី នាងកញ្ញា សិក្ខាកាមសម្រាប់រយៈពេលមួយថ្ងៃនេះ គឺបានស្តែងបង្ហាញ ឱ្យឃើញច្បាស់ពីការយកទុកដាក់ និងកិច្ចខិតខំប្រឹងប្រែងរួម ដោយស្មារតីទទួលខុសត្រូវខ្ពស់ របស់តួអង្គប្រតិករ ទាំងថ្នាក់មូលដ្ឋានឃុំ សង្កាត់ មូលដ្ឋានសុខាភិបាលសាធារណៈ និងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ សម្បទារាជធានី ខេត្ត ដែលបានសម្របសម្រួលដល់ដំណើរការនៃកម្មវិធី ក្នុងក្របខ័ណ្ឌរៀងៗខ្លួន សំដៅធានាបាន នូវតម្លាភាព ប្រក្រតីភាព និងប្រសិទ្ធភាពនៃការ អនុវត្តកម្មវិធី។
ទន្ទឹមនោះ ឯកឧត្តមក៏សូមថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ថ្នាក់ដឹកនាំគ្រប់ក្រសួងស្ថាប័ន អង្គការដៃគូពាក់ព័ន្ធទាំងអស់ ដែលបានយកចិត្ត ទុកដាក់គាំទ្រ សំដៅបំពេញនូវភាពគ្រប់ជ្រុងជ្រោយនៃការអនុវត្តកម្មវិធី ដើម្បីពង្រឹងការអនុវត្តមុខងារឱ្យកាន់តែ មានតម្លាភាព សង្គតិភាព គណនេយ្យ សុក្រឹត្យភាព ប្រសិទ្ធភាព និងធានាបាននិរន្តរភាព។
ឯកឧត្តម បានបន្តថា ដើម្បីជាការលើកទឹកចិត្ត និងជំរុញឱ្យការអនុវត្តកម្មវិធីនាពេលខាងមុខ កាន់តែទទួលបានប្រសិទ្ធភាព បន្ថែមទៀតនោះ ខ្ញុំសូមចូលរួមជាអនុសាសន៍មួយចំនួន ដូចខាងក្រោម៖
១.សូមចូលរួមឱ្យបានពេញលេញ និងតាមដានគ្រប់បទបង្ហាញ ក្នុងវគ្គបណ្តុះបណ្តាលនេះ
២.សូមធានារក្សាប្រក្រតីភាពនៃកម្មវិធី និងអនុវត្តឱ្យបានត្រឹមត្រូវតាមខ្លឹមសារ ដែលបានចែង ក្នុងសៀវភៅប្រតិបត្តិការគោល របស់កម្មវិធី
៣.សូមបន្តពង្រឹង និងពង្រីកឱ្យបាននូវយន្តការផ្សព្វផ្សាយកម្មវិធីជំនួយសង្គម និងកម្មវិធីនានា ដែលជា សមិទ្ធផល របស់រាជរដ្ឋាភិបាល
៤.ចូលរួមរក្សានូវស្មារតីទទួលខុសត្រូវ នៃការអនុវត្តតួនាទី ពង្រីកវិសាលភាពនៃលទ្ធផលការងារ និងអភិវឌ្ឍន៍សមត្ថភាពជាប្រចាំ
៥.សូមផ្សព្វផ្សាយ និងជំរុញលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ឱ្យឈប់ប្រើពាក្យ «បណ្ណក្រីក្រ» ហើយងាកមកប្រើពាក្យ «បណ្ណសមធម៌» វិញ
៦.សូមលោក លោកស្រី មេឃុំ ចៅសង្កាត់ ប្រើប្រាស់គណនី (USer) ចូលកម្មវិធីនៅលើតាភ្លែត ដោយផ្ទាល់ ដើម្បីពិនិត្យ ផ្ទៀងផ្ទាត់ និងអនុម័តចុះឈ្មោះអ្នកទទួលផល
៧.ស្នើសុំកុំឱ្យមានការផ្លាស់ប្ដូរមន្ត្រីទទួលបន្ទុកកម្មវិធី ទាំងឃុំ សង្កាត់ និងមូលដ្ឋានសុខាភិបាល សាធារណៈ ប្រសិនបើមិនមានការចាំបាច់
៨.ស្នើដល់រដ្ឋបាលឃុំ សង្កាត់ កោះអញ្ជើញបញ្ឈរវឹង ដែលមានទីតាំងក្នុងមូលដ្ឋាន របស់ខ្លួន ប្រជុំជាប្រចាំ យ៉ាងហោចណាស់ ២ខែម្តង ដើម្បីធ្វើការណែនាំ និងទប់ស្កាត់ភាពមិនប្រក្រតី ពិសេស ការក្លែង បន្លំដកប្រាក់
៩.សូមជួយជំរុញដល់សារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ ឱ្យផ្សព្វផ្សាយឱ្យបានទូលំទូលាយ ស្ដីពីការអនុវត្តកម្មវិធីជំនួយសង្គមនានា របស់រាជរដ្ឋាភិបាលកម្ពុជា។
ជាទីបញ្ចប់ ឯកឧត្តម ឈួរ សុបញ្ញា សូមប្រសិទ្ធពរជូន ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា ភ្ញៀវកិត្តិយសទាំងអស់ សូមទទួលបាននូវសុខភាពល្អ សម្រេចជោគជ័យគ្រប់ភារកិច្ច និងសូមប្រកបតែនឹងព្រះពុទ្ធពរ៤ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕