គ្រួសារសព២នាក់ប្ដីប្រពន្ធដែលលិចទូក រស់នៅភូមិដំណាក់កកោះ ឃុំពោធិ៍ ទទួលបានការយកចិត្តទុកដាក់ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង
ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការសាខា បានចាត់បញ្ជូន លោក ប្រាក់ សោភ័ណ្ឌ នាយកប្រតិបត្តិសាខា អោយចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ចែកជូនគ្រួសារ (សព២នាក់ប្ដីប្រពន្ធ) ដែលរងគ្រោះដោយលិចទូក កាលពីរសៀលថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២៣ ដែលរស់នៅភូមិដំណាក់កកោះ ឃុំពោធិ៍ ស្រុកកំពង់លែង។
ក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះដែរ លោក នាយក ប្រតិបត្តិសាខាក៏បានពាំនាំការសួរសុខទុក្ខពី ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការសាខា និងជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតក្នុងក្ដីសោកស្ដាយឥតគណនា ចំពោះក្រុមគ្រួសារសពដែលបាត់បង់ សមាជិកគ្រួសារជាទីស្រលាញ់។
ជាមួយគ្នានេះដែរ លោកក៏បានបួងសួងដល់វត្ថុសក្តិសិទ្ធិក្នុងលោក និងតេជះបារមី នៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ សូមជួយបីបាច់តាមថែរក្សាដល់ដួងវិញ្ញាណក្ខន្ធនៃសព សូមទៅកាន់សុគតិភពជានិរន្តរ៍តរៀងទៅ។ ក្នុងនោះផងដែរ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានផ្ដាំផ្ញើអោយប្រជាពលរដ្ឋទាំងអស់ ប្រុងប្រយ័ត្នឱ្យបានខ្ពស់រាល់ការធ្វើដំណើរទៅទីណាកន្លែងណា ទោះជិតឬឆ្ងាយ ដើម្បីជៀសវាងពីការគ្រោះថ្នាក់ផ្សេង។
ក្នុងនោះអំណោយដែលគ្រួសារសពទទួលបាន មាន៖ អង្ករ ១០០គ.ក្រ, មី ៤កេះ, ត្រី ខ ៤យួរ, ទឹកសុទ្ធ ៤កេះ, ទឹកក្រូច ៤កេះ, និងថវិកាចំនួន ២ ០០០ ០០០រៀល (ពីរលានរៀល ) បញ្ជាក់ : សាកសពប្ដី រកពុំទាន់ឃើញ និង កំពុងស្វែងរក៕