ឯកឧត្តម គួច ចំរើន អញ្ជើញចូលរួមពិធីលៀងសាយភោជន៍ជាមួយ អ្នកវិភាគបញ្ហាសង្គមមកពីសហរដ្ឋអាមេរិក និងក្រុមការងារក្នុងឱកាសអញ្ជើញមកទស្សនកិច្ចជាលើកទី២ នៅខេត្តព្រះសីហនុ
ភ្នំពេញ៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នាយប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមពិធីលៀងសាយភោជន៍ជាមួយលោកព្រឹទ្ធាចារ្យ ម៉ក់ ហឺន អ្នកវិភាគបញ្ហាសង្គមមកពីសហរដ្ឋអាមេរិក និងក្រុមការងារក្នុងឱកាសលោកព្រឹទ្ធាចារ្យអញ្ជើញមកទស្សនកិច្ចជាលើកទី២ នៅខេត្តព្រះសីហនុ។
នៅក្នុងការអញ្ជើញមកខេត្តព្រះសីហនុទាំង២លើក លោកតាបានមើលឃើញពីតថភាពជាក់ស្តែងនៅកម្ពុជា ហើយបានផ្តល់ការគាំទ្រ មានបំណងរក្សាសមិទ្ធផលដែលសម្រេចបានសម្រាប់ប្រជាពលរដ្ឋខ្មែរតទៅមុខទៀត។ លោកតាព្រឹទ្ធាចារ្យ ម៉ក់ ហឺន បានមានប្រសាសន៍ឱ្យដឹងថា «នាឆ្នាំ២០២៣នេះ ខ្ញុំមកកម្ពុជាដើម្បីចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដើម្បីបង្កើតរាជរដ្ឋាភិបាលមួយដែលមានស្នាដៃកសាងជាតិ ដែលខ្ញុំមិនធ្លាប់នឹកស្មានថា ប្រទេសខ្ញុំបានមកដល់ប៉ុណ្ណឹងទេ»។
បន្ថែមពីលើនេះ លោកតាព្រឹទ្ធាចារ្យ ម៉ក់ ហឺន បានបញ្ជាក់ថា កន្លងមកលោកធ្លាប់តែបានលឺអគតិជនមួយចំនួនតូចផ្សព្វផ្សាយព័ត៌មានអវិជ្ជមានអំពីខេត្តព្រះសីហនុ
តែពេលលោកបានមកឃើញផ្ទាល់ភ្នែក ហើយលោកនឹងយកទៅផ្សព្វផ្សាយអំពីតថភាព ដើម្បីផ្តល់យុត្តិធម៌ជូនសង្គមកម្ពុជាវិញ ៕