ឧត្តមសេនីយ៍ទោ ឡោ សុខា ជួបសំណេះ សំណាល មន្រ្តីនគរបាលក្របខ័ណ្ឌថ្មី ដែលត្រូវទៅរៀនវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាលជំនាន់ ទី១៧នៅសាលានគរបាលជាតិភូមិភាគ១ខេត្តស្ទឹងត្រែង
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត នាព្រឹកថ្ងៃសុក្រ ១១កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក .ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញជួបសំណេះសំណាលជាមួយ នាយ-នាយរង នគរបាលក្របខ័ណ្ឌថ្មីចំនួន ៤០នាក់ ដែលនិងត្រូវទៅរៀនវគ្គបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈ នគរបាលជំនាន់ទី១៧ លើកទី២ រយៈពេល ៤ខែ នៅសាលានគរបាលជាតិ ភូមិភាគ១ ខេត្តស្ទឹងត្រែង។
ក្នុងពិធីជួបសំណេះសំណាលជាមួយមន្រ្តីនគរបាលក្របខ័ណ្ឌថ្មី លោកឧត្តមសេនីយ៍ទោ ស្នងការ បានមានប្រសាសន៍ទៅដល់សិក្ខាកាមដែលជាមន្រ្តីនគរបាលក្របខ័ណ្ឌថ្មីទាំងអស់ ត្រូវខិតខំរៀនសូត្រទៅតាមមុខ ជំនាញក្នុងមេរៀននិមួយៗត្រូវមានសាមគ្គីភាពល្អ កសាងនូវអានុស្សាវរីយ៍ល្អៗជាមួយគ្នាឱ្យបានច្រើនឡើង ខិតខំអនុវត្តន៍គោរពវិន័យសាលាអោយបានល្អប្រសើរ (វិន័យ ០០៦) របស់ក្រសួងមហាផ្ទៃដែលបានដាក់ឱ្យកងកម្លាំងត្រូវអនុវត្តន៍ឱ្យបានល្អប្រសើរ។
ជាមួយគ្នានេះដែរ លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានបើកកិច្ចប្រជុំគណៈស្នងការដែលមានការចូលរួមពី លោក/លោកស្រី ស្នងការរង លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង២ លោកអធិការ ក្រុង/ស្រុកទាំង៥ ដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំស្ដីពីការដាក់បទបញ្ជាពីលោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្ត ក្នុងការពង្រឹងពីការការពារទៅដល់កម្លាំងនគរបាលទៅតាមបណ្ដាប៉ុស្តិ៍នគរបាលការពារព្រំដែន អធិការក្រុងស្រុកទាំង៥ ពង្រឹងកម្លាំងឱ្យបាន១០០% និងយកចិត្តទុកដាក់ឱ្យបានខ្ពស់បន្ថែមទៀត ដើម្បីការពារសុខសន្តិភាព សុវត្ថិភាពជូនប្រជាពលរដ្ឋ ក៏ដូចជាការពារសុខសុវត្ថិភាពជូនរាជរដ្ឋាភិបាលកម្ពុជា។
លោកឧត្តមសេនីយ៍ទោ ស្នងការ បានមានប្រសាសន៍បន្តទៀតថា ក្នុងនាមស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី សូមប្រកាសគាំទ្រទាំងស្រុងនូវសារនយោបាយពិសេសរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណៈបក្សប្រជាជនកម្ពុជា ដែលបានថ្លែងនៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ ក្នុងការរៀបចំ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីសម្រាប់នីតិកាលទី៧ នៃរដ្ឋសភានេះនិងប្រកាសគាំទ្រទាំងស្រុងចំពោះបេក្ខភាពនាយករដ្ឋមន្ត្រីថ្មី ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សម្រាប់តួនាទីជានាយករដ្ឋមន្រ្តីសំរាប់នីតិកាលទី៧ នៃរដ្ឋសភានេះ ៕