ឯកឧត្តម ហ៊ុន ម៉ានី៖ មិនថាកម្ពុជា ឬប្រទេសណាក៏ដោយ បើសិនចង់ឱ្យគេស្គាល់ ពិតណាស់គឺត្រូវធ្វើសកម្មភាពជាក់លាក់ ហើយប្រឹងប្រែងឱ្យបានជោគជ័យ
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានប្រតិភូកីឡាក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ បានលើកឡើងថា មិនថាប្រទេសកម្ពុជា ឬប្រទេសណាក៏ដោយ បើសិនចង់ឱ្យគេស្គាល់ ពិតណាស់គឺត្រូវធ្វើសកម្មភាពជាក់លាក់ ហើយប្រឹងប្រែងឱ្យបានជោគជ័យ។
នារសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានប្រតិភូកីឡាក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ បានអញ្ជើញចូលរួមក្នុងពិធីអាហារសាមគ្គីជាមួយអ្នកស័្មគ្រចិត្តបង្គោលក្នុងព្រឹឹត្តិការណ៍ប្រកួតកីឡាសុីហ្គេម និង អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់បងប្អូនយុវជនស័្មគ្រចិត្តបង្គោលសុីហ្គេម និង អាស៊ានប៉ារ៉ាហ្គេមពីរាជធានីភ្នំពេញ ខេត្តកំពត សៀមរាប និងព្រះសីហនុផងដែរ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម សុខ សប្បាយណា ប្រធានគណៈកម្មការអ្នកស្ម័គ្រចិត្ត នៃគណៈកម្មាធិការជាតិ និងជាសមាជិកគណៈអចិន្តៃ្រយ៍ នៃគណៈកម្មាធិការកណ្តាល ស.ស.យ.ក. បានលើកឡើងថា ក្រោមការដឹកនាំ និងចង្អុលបង្ហាញរបស់ឯកឧត្តមប្រធាន ហ៊ុន ម៉ានី ក្រុមការងារយើងបានបង្ហាញ និងឈរដោយមោទនៈថាខ្មែរធ្វើបាន។
ជាមួយគ្នានោះ ឯកឧត្តមបានថ្លែងអំណរគុណដល់ គណៈកម្មាការអ្នកស័្មគ្រចិត្ត លេខាធិការដ្ឋានអ្នកស្ម័គ្រចិត្ត និងក្រុមការងារទាំងអស់ ដែលបានចូលរួមចំណែកក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្រ្តនេះប្រកបដោយស្មារតីអង់អាច។ ឯកឧត្តមបានគួរបញ្ជាក់ផងដែរថា ការងារនេះបានទទួលស្គាល់ ទាំងជាតិ និងអន្តរជាតិផងដែរ។
មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា ដើម្បីយល់ពីគុណតម្លៃ និងសារៈសំខាន់នៃការរៀបចំព្រឹត្តិការណ៍ប្រវត្តិសាស្រ្តទាំងពីរនេះចំពោះព្រះរាជាណាចក្រកម្ពុជា គឺយើងត្រូវវិភាគ និងដកពិសោធ ទើបដឹងថាយើងពិតជាមានមោទនភាពប៉ុណ្ណា។
ផ្សារភ្ជាប់នឹងការលើកឡើងខាងលើនេះ ឯកឧត្តមបានលើកឡើងថា មិនថាប្រទេសកម្ពុជា ឬប្រទេសណាក៏ដោយ បើសិនចង់អោយគេស្គាល់ ពិតណាស់គឺត្រូវធ្វើសកម្មភាពជាក់លាក់ ហើយប្រឹងប្រែងឱ្យបានជោគជ័យទើបធ្វើអោយគេស្ងប់ស្ងែង និងកោតសរសើរបាន ដោយជាក់ស្តែង ព្រឹត្តិការណ៍សុីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមបានធ្វើអោយគេស្គាល់កម្ពុជាបច្ចុប្បន្ន ហើយសក្តានុពល និងមុខមាត់នេះ គឺបានឆ្លុះបញ្ចាំងពីសមត្ថភាពរបស់ប្រជាជនយើងយ៉ាងពិតប្រាកដ។
បន្ថែមពីនេះ ឯកឧត្តមបានមានប្រសាសន៍ថ្លែងអំណរគុណ និង កោតសរសើរចំពោះប្អូនៗយុវជនស័្មគ្រចិត្តទាំងអស់ដែលបានខិតខំប្រឹងប្រែង ដាក់ចិត្ត ដាក់បេះដូងក្នុងការងារ និងជួយយកអាសារគ្នា ដែលទាំងនេះគឺពិតជាលើសពីការចាត់តាំង។
ឯកឧត្តមបានគូសបញ្ជាក់ថា តាមរយៈការងារកន្លងទៅ ប្អូនៗគឺបានហ្វឹកហាត់ និងលត់ដំសមត្ថភាពខ្លួនឯង និងទទួលបទពិសោធន៍ពីការងារដឹកនាំផងដែរ។ ជាមួយគ្នានេះឯកឧត្តមបានលើកទឹកចិត្តអោយប្អូនៗ ខិតខំប្រែងប្រែងចាប់យកក្តីស្រមៃរៀងៗខ្លួន ដោយមានគោលដៅរួម ក្នុងការថែរក្សាសុខសន្តិភាព និងជឿជាក់លើសង្គមជាតិតែមួយរបស់យើង៕