អាជ្ញាធរខេត្តកែបត្រៀមកម្លាំងអន្តរាគមន៍ និងទីទួលសុវត្ថិភាពជាច្រើនកន្លែង ខណៈពលរដ្ឋជាង៩ពាន់គ្រួសារប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង
កែប៖ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម គីម វីរៈ អគ្គលេខាធិការនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានដឹកនាំក្រុមការងារ ដែលអមដំណើរដោយឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប រួមជាមួយមន្ទីរពាក់ព័ន្ធជុំវិញខេត្ត និងកងកម្លាំងប្រដាប់អាវុធ បានអញ្ជើញចុះពិនិត្យជំនន់ទឹកភ្លៀង ដែលបង្កការប៉ះពាល់ដល់ប្រជាពលរដ្ឋក្នុងក្រុងកែប និងស្រុកដំណាក់ចង្អើរ។
អំឡុងពេលចុះពិនិត្យ ឯកឧត្តម សោម ពិសិដ្ឋ ថ្លែងថា បន្ទាប់ពីក្រសួងធនធានទឹក និងឧតុនិយម ព្យាករណ៍ពីការទទួលរងឥទ្ធិពលដែលបង្កជាគ្រោះធម្មជាតិ ខេត្តកែប ចាប់ផ្តើមទទួលរងទឹកភ្លៀងពីថ្ងៃទី២០ ខែកក្កដា រហូតដល់ថ្ងៃទី២៨ មានភ្លៀងបានបន្តធ្លាក់៣ថ្ងៃជាបន្តបន្ទាប់រហូតបង្កជាជំនន់ទឹកភ្លៀងនៅប៉ះពាល់ផ្ទះសម្បែង សត្វពាហនៈ និងហេដ្ឋារចនាសម្ព័ន្ធ រួមមានផ្លូវជាតិ ផ្លូវលំ និងសាលារៀនមួយចំនួន។
ឯកឧត្តម សោម ពិសិដ្ឋ បញ្ជាក់ថា គិតមកទល់ពេលនេះ ខេត្តកែបពុំទាន់មានប្រជាពលរដ្ឋណាម្នាក់បានប៉ះពាល់អាយុជីវិត ឬជម្លៀសទីទួលសុវត្ថិភាពនៅឡើយទេ ដោយសារជំនន់ទឹកភ្លៀងមិនទាន់ប៉ះពាល់ធ្ងន់ធ្ងរនោះទេ។
ទោះបីមិនទាន់មានការជម្លៀសប្រជាពលរដ្ឋ ឯកឧត្តម សោម ពិសិដ្ឋ បានត្រៀមកម្លាំងអន្តរាគមន៍គ្រប់លំដាប់ថ្នាក់ ដើម្បីចេញអន្តរាគមន៍ និងជម្លៀសប្រជាពលរដ្ឋពីផ្ទះសម្បែងទៅកាន់ទីទួលសុវត្ថិភាពតាមទីតាំងដែលអាជ្ញាធរបានរៀបចំជាបន្តបន្ទាប់ ក្នុងករណីមានជំនន់ទឹកភ្លៀងគំរាមគំហែងបន្ថែមទៀត។
ជាមួយគ្នានេះ ឯកឧត្តម សោម ពិសិដ្ឋ បានសំណូមពរដល់ប្រជាពលរដ្ឋ មេត្តាប្រុងប្រយ័ត្ន និងបង្ការដល់កូនចៅ និងក្មេងតូច ដើម្បីបញ្ជៀសពីការប៉ះពាល់ដល់អាយុជីវិត ជាពិសេសសត្វពាហនៈ និងសត្វអសិរពិសជាដើម។ លើសពីនេះ មន្រ្តីសុខាភិបាលតាមមូលដ្ឋាន បានត្រៀមរួចរាល់ក្នុងការចេញជួយសង្គ្រោះប្រជាពលរដ្ឋគ្រប់ពេលវេលាផងដែរ។
បើតាមរបាយការណ៍របស់លេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយខេត្តកែប បានឲ្យដឹងថា ជំនន់ទឹកភ្លៀងចាប់ផ្តើមតាំងពីថ្ងៃទី២៨ ខែកក្កដា រហូតមកដល់ថ្ងៃទី៣០ ដែលបង្កឲ្យមានផលប៉ះពាល់ប្រជាពលរដ្ឋចំនួន ១៨ភូមិ ក្នុងឃុំ-សង្កាត់ចំនួន៥ ស្ថិតនៅក្រុងកែប និងស្រុកដំណាក់ចង្អើរ ដែលសរុបចំនួនគ្រួសារស្មើនឹងជាង៩,០០០គ្រួសារ។