ឯកឧត្តម វ៉ី សំណាង អញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌ផ្តល់ជូន ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន ១០៨គ្រួសារ រស់នៅក្នុងឃុំចំនួន០២ ក្នុងស្រុកភ្នំស្រួច
ភ្នំពេញ៖ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត រួមជាមួយថ្នាក់ដឹកនាំ-មន្ត្រីសាខា អនុសាខា លោកមេឃុំ មេភូមិ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌ផ្តល់ជូន ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន ១០៨គ្រួសារ រស់នៅក្នុងឃុំត្រែងត្រយឹង និងឃុំយាយម៉ៅពេជ្យនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ក្នុងឱកាសជួបសំណេះសំណាលនោះ ឯកឧត្តម វ៉ី សំណាង ប្រធានគណៈកម្មាធិការសាខា ក៏បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បើទោះបីជាសម្តេច មិនបានអញ្ជើញមកដោយផ្ទាល់ក៏សម្តេចតែងតែមានមនោសញ្ចេតនានឹករលឹក អាណិតស្រឡាញ់ ការគិតគូរពីសុខទុក្ខពីជីវភាពរស់នៅប្រចាំថ្ងៃ និងបញ្ហាសុខភាពរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្រប់ពេលវេលា។ ជាពិសេសលើកទឹកចិត្តដល់ប្រជាពលរដ្ឋទាំងអស់ឱ្យខិតខំស្តារជីវភាពគ្រួសារឡើងវិញ បន្ទាប់ពីរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងរួច។
សូមបញ្ជាក់ផងដែរថា គ្រួសាររងគ្រោះដោយជំនន់ទឹកភ្លៀងក្នុង ១គ្រួសារទទួលបាន៖ អង្ករ ២៥គីឡូក្រាម,មី ១កេស, ត្រីខ ១០កំប៉ុង, ប្រេងឆា ១ដប, នំធុង ១ធុង ,ទឹកត្រីទឹកស៉ីអ៉ីវ ១យួរ និងថវិកា ២មុឺនរៀល។
ក្នុងនោះឯកឧត្តមប្រធានគណៈកម្មាធិការសាខា ក៏បានប្រគេនទយ្យទានជូនព្រះសង្ឃក្នុងវត្តត្រែងត្រយឹងនូវ៖ អង្ករ ៥០គីឡូក្រាម, មី ២កេស, ត្រីខ ២០កំប៉ុង, ប្រេងឆា ២ដប, ទឹកត្រីទឹកស៉ីអ៉ីវ ២យួរ, នំធុង ២ធុង និងថវិកា ១០ម៉ឺនរៀលផងដែរ ៕