ឯកឧត្ដម សុក ផេង ដឹកនាំក្រុមការងារនាំយកទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យប្រគេនព្រះសង្ឃ គង់នៅវត្តចតុពោធិវណ្ណារាមល្វាលើ ស្រុកចំការលើ
ភ្នំពេញ៖ ឯកឧត្ដម សុក ផេង រដ្ឋលេខាធិការទីស្ដីការគណ:រដ្ឋមន្រ្តី ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំល្វាលើ និងលោកជំទាវ ព្រាប ដាវី សុក ផេង អមដំណើរ ដោយលោកប៊ី វីរៈសុគន្ធ លោក កេត កែវអមត: លោក ណុប វណ្ណៈ រួមនឹងថ្នាក់ដឹកនាំមូលដ្ឋានពុទ្ធបរិស័ទចំណុះជើងវត្តចតុពោធិវណ្ណារាមល្វាលើ នាព្រឹកថ្ងៃទី៣១ ខែកក្ដដា ឆ្នាំ២០២៣ បាននាំយកនៅទៀនព្រះវស្សា គ្រឿងឧបភោគ បរិភោគ និងបច្ច័យមកប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សា នៅវត្តចតុពោធិវណ្ណារាមល្វាលើ ស្រុកចំការលើ ខេត្តកំពង់ចាម។
ពិធីបុណ្យចូលព្រះវស្សា គឺជាបុណ្យមានមកតាមផ្លូវព្រះពុទ្ធសាសនា ដែលសាវ័កផ្នែកបព្វជិត តែងចូលវស្សា តាមពុទ្ធានុញ្ញាតអស់រយៈពេល ៣ខែ (មួយត្រៃមាស) ក្នុងវស្សានរដូវ ហើយត្រូវចាំ វស្សាដោយត្រឹមត្រូវ មិនឲ្យដាច់វស្សា។ ចំណែកឯពុទ្ធបរិស័ទជា ទាយក ទាយិកា ឧបាសក ឧបាសិកា វិញ ក៏នាំគ្នាប្រារព្ធធ្វើបុណ្យចូលវស្សានោះដែរ ជាពិសេស គឺចាត់ចែងវស្សិកសាដក (សំពត់សំរាប់ងូតទឹកភ្លៀង) ដែលនិយមហៅថា សំពត់សាដកចំណាំវស្សា ព្រមទាំងប្រេងកាត ទៀន ធូប និងភេសជ្ជ មួយចំនួនទៀតតាមលទ្ធភាព ។ ពាក្យថា វស្សា មកអំពីពា្យបាលីថា វស្ស ប្រែថាភ្លៀង ឬរដូវភ្លៀង ដែលមានកំណត់រយៈពេល ៤ខែ គឺរាប់ ពីថ្ងៃ ១រោច ខែអាសាធ រហូតដល់ថ្ងៃ ១៥កើត ខែកត្តិក រយៈពេលនោះ ឯង ហៅថាវស្សានរដូវ។
ចំពោះ ទៀនព្រះវស្សា ទេយ្យទាន គ្រឿងឧបភោគបរិភោគ ដែលបានវេរប្រគេនព្រះសង្ឃនាពេលនេះរួមមាន៖ ចំពោះទៀន ១គូ, ទឹកក្រូច៧ កេស, ទឹកផ្លាឈើ ២កេស, មីម៉ាម៉ា ៥កេស, ទឹកសុទ្ធវីតាល់ ២កេស, ចានស្រាក់ ១ឡូ, ត្រីខ ៦ឡូ, ផ្លែឈើ ១០គីឡូ, ទឹកសុទ្ធ ១០យួរ, ទឹកត្រី ១០យួរ, ទឹកស៊ីអ៊ីវ ១០យួរ, អង្ករ ១៥០គីឡូក្រាម និងប្រគេនព្រះសង្ឃ៤អង្គ សរុប ១២០,០០០រៀល ឧបត្ថម្ភថវិកាក្នុង១ភូមិចំនួន ៥០០,០០០រៀល និងលោកបងពឿន សរុប ៤០០,០០០រៀល កម្លាំងប៉ុស្តិ៍៦០,០០០រៀល បច្ច័យបួន ១,០១៤,០០០រៀល សរុបថវិកា ៣,៤៤២,០០០រៀល ៕