ថវិកាបេឡាមរណសង្គ្រោះ និងអំណោយរបស់បណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ត្រូវបាន ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន នៅស្រុកបារាយណ៍
ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ រួមជាមួយថ្នាក់ដឹកនាំ នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជនស្រុកបារាយណ៍ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ បាននាំយកថវិកាបេឡាមរណសង្គ្រោះចំនួន៤លានរៀល និងអំណោយស្បៀងអាហាររបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ទៅប្រគល់ជូនក្រុមគ្រួសារសពអតីតយុទ្ធជនសោធននិវត្តន៍ នៅភូមិដូង ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។
លោកវរសេនីយ៍ទោ កែ ម៉ៃ អនុប្រធានក្រុមលេខាធិការដ្ឋានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានបញ្ជាក់ថា លោកអនុសេនី យ៍ឯក សៅ ឌុំ អាយុ៨៣ឆ្នាំ ចូលបម្រើកងទ័ពក្នុងឆ្នាំ១៩៨១ នៅអង្គភាពយោធាស្រុកបារាយណ៍ ខេត្តកំពង់ធំ លោកជាយុទ្ធមិត្តដែលធ្លាប់បានតស៊ូប្រយុទ្ធការពារទប់ស្កាត់ការវិលត្រឡប់មកវិញនៃរបបបប្រល័យពូជសាសន៍ ប៉ុលពត នៅឆ្នាំ ១៩៩៥ លោកត្រូវបានក្រសួងការពារជាតិ ដាក់ឱ្យចូលនិវត្តន៍តាមការកំណត់។ លោក សៅ ឌុំ បានទទួលមរណភាព នាពេលថ្មីកន្លងទៅនេះ ដោយរោគាពាធ នៅគេហដ្ឋានរបស់លោកនៅភូមិដូង ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការសោកស្ដាយចំពោះការបាត់បង់ជីវិត របស់លោកអនុសេនីយ៍ឯកឯក សៅ ឌុំ ជាអតីតយុទ្ធជន ដែលធ្លាប់មានគុណបំណាច់ចំពោះជាតិ មាតុភូមិ និងប្រជាជន ហើយសូមបួងសួងដល់វិញ្ញាណក្ខន្ឋលោក បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ។ ជាមួយនេះផងដែរឧត្តម សេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរា ជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា សម្តេចបានខិតខំប្រឹងប្រែងគ្រប់ បែបយ៉ាង ដើម្បីដោះស្រាយនូវរាល់ការលំបាក ជូនដល់បងប្អូនអតីតយុទ្ធជនយើងមានដូចជា ការបែងចែកដីធ្លី ការសាងសង់ផ្ទះសម្បែងជូននិងការផ្ដល់នូវប័ណ្ណបេឡាជាតិសន្តិសុខសង្គម ជូនបងប្អូនអតីតយុទ្ធជន សម្រាប់ទៅព្យាបាលជំងឺនៅមន្ទីរពេទ្យរដ្ឋដោយឥតគិតថ្លៃ ហើយនៅពេលដែលអតីតយុទ្ឋជនយើងទទួលមរណភាពគ្រួសារសពទទួលបានថវិកាបេឡាមរណសង្គ្រោះចំនួន៤.០០០.០០០រៀល សម្រាប់ធ្វើបុណ្យសព ផងដែរ។
ឧត្តមសេនីយ៍ទោ សោម ស៊ុនក៏បានថ្លែងអំណរ គុណដ៏ជ្រាលជ្រៅជាទីបំផុតដល់ក្រុមគ្រួសារអតីតយុទ្ធជននិងប្រជាពលរដ្ឋទាំងអស់ ដែលបានអញ្ជើញទៅបោះឆ្នោតយ៉ាងច្រើនកុះករ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ជ្រើសរើសគណបក្ស ដែលខ្លួនស្រឡាញ់ពេញចិត្ត គឺគណបក្សដែលនាំមកនូវសុខសន្តិភាពនិងការអភិវឌ្ឍ ។ ហេីយនៅក្នុងឱកាសនេះ ប្រធានសមាគមអតីតយុទ្ឋជនកម្ពុជា ខេត្តកំពង់ធំ បាននាំយកនូវអំណោយរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ចូលរួមក្នុងពិធីបុណ្យសពនេះបន្ថែមទៀតរួមមាន៖ អង្ករចំនួន៥០គីឡូក្រាម មីជាតិចំនួន២កេស និងត្រីខកំប៉ុងចំនួន២យួរ ផងដែរ ៕