កម្លាំងតំបន់ប្រតិបត្តិការសឹករងបាត់ដំបង ចុះធ្វើរបងជូនសាលាមត្តេយ្យសិក្សា សហគមន៍ភូមិសាមគ្គី ប្រវែង ៧៩ម៉ែត្រ
ភ្នំពេញ៖ ឧត្តមសេនីយ៍ត្រី ហួម ខ្វែក មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង បាត់ដំបង នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ បានចាត់តាំងវរសេនីយ៍ឯក ភើយ លំអង មេបញ្ជាការរង នាយសេនាធិការ ដឹកនាំកម្លាំងទីបញ្ជាការទិស៣ស្រុក និងផ្នែកសឹករង ភ្នំព្រឹក ទិញលួសសំណាញ់ចំនួន២ដុំធ្វើរបងជូនសាលាមត្តេយ្យសិក្សាសហគមន៍ភូមិសាមគ្គី ស្ថិតនៅឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
គួរបញ្ជាក់ថាតបការអំពាវនាវរបស់លោកគ្រូ អ្នកគ្រូដោយសាលាមត្តេយ្យសិក្សាសហគមន៍មានការខ្វះខាតថវិកាក្នុងការធ្វើរបង ដើម្បីកែលម្អបរិស្ថានសាលារៀនឱ្យបានត្រឹមត្រូវប្រកបដោយសុវត្ថិភាពទាំងទ្រព្យសម្បត្តិ និងសិស្សានុសិស្សផងនោះ ទើបលោកមេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង បាត់ដំបង បានទិញលួសសំណាញ់ធ្វើរបងជូនសាលាមត្តេយ្យសិក្សាសហគមន៍នេះដែលប្រវែង៧៩ម៉ែត្រដោយចំណយអស់២១៦ដុល្លាសហរដ្ឋអាមេរិក ដែលជាថវិកាបានមកពីការចូលរួមឧបត្ថម្ភរបស់នាយទាហាន នាយទាហានរង និងពលទាហាន តំបន់ប្រតិបត្តិការសឹករង បាត់ដំបង។
ក្នុងឱកាសនោះដែរលោកគ្រូ អ្នកគ្រូ ព្រមទាំងសិក្សានុសិស្សនៃសាលាមត្តេយ្យសិក្សាសហគមន៍ភូមិសាមគ្គី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះនាយទាហាន នាយទាហានរង និងពលទាហាន តំបន់ប្រតិបត្តិការសឹករង បាត់ដំបង សូមជួបប្រទះតែសេចក្តីសុខ និងប្រកបដោយពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ព្រមទាំងសម្រេចបានគ្រប់ភារកិច្ចដែលថ្នាក់ដឹកនាំប្រគល់ជូន ៕