មន្ត្រីជាន់ខ្ពស់កម្ពុជា ជួបប្រតិភូកូរ៉េ ពិភាក្សាលើគម្រោងសិក្សាលទ្ធភាព បង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី នៅកម្ពុជា
ភ្នំពេញ៖ ឯកឧត្ដម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយ គណៈប្រតិភូកូរ៉េ ដើម្បីពិនិត្យ និងពិភាក្សាលើលទ្ធភាពក្នុងការបង្កើត រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី នៅក្នុងប្រទេសកម្ពុជា ។
នាថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងរបស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយប្រតិភូវិទ្យាស្ថានអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទកូរ៉េ (Korea Rural Economic Institute) និងតំណាងសមាគមធនធានកសិ-ឧស្សាហកម្មកូរ៉េនៅក្រៅប្រទេស (Korea Oversea Agro-Resourced Association: AOAA) ដែលដឹកនាំដោយ លោកបណ្ឌិត Heo Jang ប្រធានគម្រោង ចុះមកសិក្សា ដើម្បីពិនិត្យនិងពិភាក្សាលើលទ្ធភាពក្នុងការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅក្នុងប្រទេសកម្ពុជា ដោយមានការចូលរួមពីលោកអគ្គនាយករងជំរុញពាណិជ្ជកម្ម និងមន្ត្រីជំនាញនៃនាយកដ្ឋានគោលនយោបាយពាណិជ្ជកម្ម។
ក្នុងជំនួបនោះលោករដ្ឋលេខាធិការ បានបង្ហាញនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណដល់ សមាគមធនធានកសិ-ឧស្សាហកម្មកូរ៉េ នៅក្រៅប្រទេស (AOAA) ដែលមានបំណងក្នុងការចូលរួម លើកស្ទួយវិស័យស្វាយចន្ទីនៅកម្ពុជា ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ បានជម្រាបជាសង្ខេបអំពីខ្លឹមសារនៃគោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧ ដែលទើបទទួលបានការអនុម័តពីកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ និងប្រកាសផ្សព្វផ្សាយឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣កន្លងទៅនេះ ក៏ដូចជាទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ ដែលទើបតែចូលជាធរមានកាលពីចុងឆ្នាំ២០២២ កន្លងទៅ។
ក្នុងឱកាសនោះ លោកបណ្ឌិត ដែលដឹកនាំដោយ លោកបណ្ឌិត Heo Jang ប្រធានគម្រោង បានជម្រាបអំពីបំណងក្នុងការចូលរួមលើកកម្ពស់វិស័យស្វាយចន្ទីកម្ពុជា ដោយពិនិត្យឃើញថាកន្លងមកស្វាយចន្ទីភាគច្រើនត្រូវបាននាំចេញទៅក្រៅប្រទេសដោយមិនទាន់បានកែច្នៃ ដែលនាំឱ្យបាត់បង់នូវតម្លៃបន្ថែម។ ហេតុដូចនេះ សមាគមធនធានកសិ-ឧស្សាហកម្មកូរ៉េនៅក្រៅប្រទេសរបស់កូរ៉េមានគោលបំណងក្នុងការចុះមកសិក្សានិងពិនិត្យលទ្ធភាព ក្នុងការបង្កើតរោងចក្រកែច្នៃចន្ទី តាមរយៈគម្រោងអភិវឌ្ឍន៍ផ្លូវការរបស់រដ្ឋាភិបាលកូរ៉េខាងត្បូង(ODA) ដែលអាចនឹងជួយបង្កើនតម្លៃបន្ថែមលើចន្ទីកម្ពុជាក្នុងការនាំចេញទៅទីផ្សារពិភពលោក។
ជាកិច្ចឆ្លើយតប ឯកឧត្តមប្រធានអង្គប្រជុំ បានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមដ៏មានសារៈសំខាន់នេះដែលស្របតាមការដាក់ចេញនូវគោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧ និងបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលកូរ៉េ ដែលតែងតែផ្តល់ការគាំទ្រ និងសហការជិតស្និទ្ធក្នុងពេលកន្លងមក។
បន្ថែមពីលើនេះ ឯកឧត្តមក៏បានស្នើសុំឱ្យប្រតិភូកូរ៉េ ជួយផ្សព្វផ្សាយនិងទាក់ទាញវិនិយោគិនកូរ៉េបន្ថែមមកវិនិយោគលើការកែច្នៃស្វាយចន្ទីក្នុងប្រទេសកម្ពុជា ក៏ដូចជាទិញទំនិញពីកម្ពុជាឱ្យបានកាន់តែច្រើនដោយសារប្រទេសទាំងពីរមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី(FTA)រវាងគ្នា ដែលមានមុខទំនិញជាច្រើនមានអត្រាពន្ធ០% ក្នុងនោះក៏មានគ្រាប់ស្វាយចន្ទីផងដែរ ដើម្បីបង្កើននូវទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ៕