លោក លឿង កេសរោ៖ ការស្វែងរកអន្ទាក់មិនមែនជារឿងងាយស្រួលនោះទេ ព្រោះអន្ទាក់សំងំលាក់ខ្លួនក្នុងព្រៃ
ភ្នំពេញ៖ លោក លឿង កេសរោ អគ្គនាយករងតំបន់ការពារធម្មជាតិនៃក្រសួងបរិស្ថានបានថ្លែងថា ការស្វែងរកអន្ទាក់មិនមែនជារឿងងាយស្រួលនោះទេ ព្រោះអន្ទាក់សំងំលាក់ខ្លួនក្នុងព្រៃរង់ចាំទាក់ចាប់ និងសំលាប់សត្វព្រៃដែលដើររកស៊ីក្នុងតំបន់ទីជម្រក។
ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលនៃការអនុវត្តយុទ្ធនាការអន្ទាក់សូន្យ ដែលបានប្រព្រឹត្តទៅនាថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងបរិស្ថាន ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងបរិស្ថាន សមាជិករដ្ឋសភា ថ្នាក់ដឹកនាំនិងតំណាងរដ្ឋបាលថ្នាក់ក្រោមជាតិ អាជ្ញាធរមូលដ្ឋាន និងអង្គការដៃគូក្នុងវិស័យបរិស្ថាន លោក លឿង កេសរោ បានបញ្ជាក់ថា “ចាំបាច់ណាស់យើងត្រូវប្រើវិធីសាស្រ្តច្នៃប្រឌិតថ្មីបន្ថែមជាជំនួយដល់ការដើរល្បាតក្នុងតំបន់ការពារ ដើម្បីបង្កើនសមត្ថភាពមន្រ្តីឧទ្យានុរក្សក្នុងការស្វែងរកអន្ទាក់គ្រប់ប្រភេទនិងតាមដានបទល្មើសសត្វព្រៃបានប្រកបដោយប្រសិទ្ធភាព។ យើងក៏ត្រូវការធនធានបន្ថែមទៀត ដើម្បីបង្កើនសមត្ថភាពនិងជំនាញឧទ្យានុរក្សក្នុងការពង្រឹងការអនុវត្តច្បាប់ក្នុងតំបន់ការពារធម្មជាតិ ខណៈជំរុញការអនុវត្តថែមទៀតនូវកម្មវិធីបង្កើនជីវភាពសហគមន៍មូលដ្ឋានដែលរស់នៅជុំវិញតំបន់ការពារ”។
ផ្អែកលើលទ្ធផលនៃយុទ្ធនាការអន្ទាក់សូន្យនាពេលនេះ លោកបានសំណូមពរដល់គ្រប់ភាគីជាពិសេសអង្គការដៃគូឲ្យបន្តសហការជាមួយក្រសួងបរិស្ថាន និងអាជ្ញាធរមូលដ្ឋានដើម្បីលើកកម្ពស់ការគ្រប់គ្រងតំបន់ការពារ និងការអភិរក្សធនធានសត្វព្រៃដ៏មានតម្លៃរបស់កម្ពុជាឲ្យកាន់តែប្រសើរឡើងថែមទៀត។
តាមរយៈការអនុវត្តយុទ្ធនាការអន្ទាក់សូន្យ សាធារណជនបានយល់ដឹងពីសារៈសំខាន់នៃការអភិរក្សសត្វព្រៃ និងភាពចាំបាច់ដែលខ្លួនត្រូវចូលរួមជាផ្នែកមួយទាំងក្នុងការជួយផ្សព្វផ្យាយបន្ត និងការអនុវត្តសកម្មផ្ទាល់ខ្លួនគឺមិនលក់ មិនទិញ មិនបរិភោគ និងមិនជួញដូរសត្វព្រៃដែលជាអំពើច្បាប់ហាមឃាត់។ ទោះយ៉ាងណាក៏ដោយការដាក់អន្ទាក់ និងការបរបាញ់សត្វព្រៃខុសច្បាប់ នៅតែជាកត្តាគំរាមកំហែងដ៏ចំបងចំពោះការរស់រានរបស់សត្វព្រៃ នេះបើយោងតាមរបាយការណ៍ថ្មីមួយរបស់អង្គការWWFស្តីពីស្ថានភាពសត្វព្រៃក្នុងតំបន់អាណ្ណាមដែលមានព្រំប្រទល់ជាប់ខេត្តរតនគិរី៕