បញ្ជូនខ្លួនជនសង្ស័យចំនួន១០នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីបាញ់ប្រហារបុរសជនជាតិវៀតណាមម្នាក់ បណ្ដាលឲ្យស្លាប់ទាំងកណ្ដាលថ្ងៃ នៅខណ្ឌបឹងកេងកង
ភ្នំពេញ៖ បន្ទាប់ពីស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបង្ក្រាបជាបន្ដបន្ទាប់ ជនសង្ស័យប្រុសស្រីចំនួន១៤នាក់ ក្នុងនោះរកឃើញអ្នកពាក់ព័ន្ធករណីបាញ់ប្រហារបុរសជនជាតិវៀតណាមម្នាក់ បណ្ដាលឲ្យស្លាប់ទាំងកណ្ដាលថ្ងៃ នៅខណ្ឌបឹងកេងកង ចំនួន១០នាក់ ត្រូវបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។
ប្រតិបត្តិការជាបន្ដបន្ទាប់នេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, អគ្គស្នងការរងទទួលផែន, ប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ និងបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ព្រមទាំងក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
គួរជម្របថា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង០១៖៣០នាទីថ្ងៃត្រង់ មានករណីឃាតកម្មមួយកើតឡើង បង្កដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ ប្រើប្រាស់រថយន្តមួយគ្រឿង និងម៉ូតូមួយគ្រឿង ប្រដាប់ដោយអាវុធខ្លីចំនួន២ដើម បានធ្វើសកម្មភាពបាញ់ទៅលើជនរងគ្រោះឈ្មោះ ង្វៀន ទុនហ៊ុង អាយុ៣៧ឆ្នាំ ជនជាតិវៀតណាម នៅចំណុចលើផ្លូវលេខ ៣៦០ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ បណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ។
ក្រោយពីទទួលបានព័ត៌មានភ្លាម នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំប្រតិបត្តិការដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន និងលោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាន និងលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំកម្លាំង និងមានការចូលរួមសហការពីកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះទៅដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវនិងចាប់បង្រ្កាបចំនួន២ទីតាំងផ្សេងៗគ្នា នៅចំណុចសណ្ឋាគារសូផៃ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងមួយទីតាំងទៀតស្ថិតនៅខុនដូរហាយលេន ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ក្នុងប្រតិបត្តិការនេះ ក៏មានការចូលរួមសហការពីអធិការដ្ឋាននគរបាលស្រុកចន្ទ្រា នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងផងដែរ។
ជារួមក្នុងរង្វង់ប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចជំនាញបានចាប់ខ្លួនមនុស្ស១៤នាក់ ក្នុងនោះក្រោយធ្វើការសួរនាំ រកឃើញ១០នាក់ ពាក់ព័ន្ធករណីបាញ់ប្រហារនេះ។ នៅពេលចាប់ខ្លួន សមត្ថកិច្ចដកហូតបាន រថយន្តចំនួន៣គ្រឿង, ម៉ូតូចំនួន១គ្រឿង, អាវុធខ្លីចំនួន២ដើម, បង់ចំនួន២ គ្រាប់ចំនួន៥គ្រាប់, ថ្នាំគ្រាប់ពណ៌ខៀវ និងម្សៅសមួយចំនួន ព្រមទាំងជញ្ជីងថ្លឹងថ្នាំញៀនចំនួន២។
ក្រោយបញ្ចប់ការសួរនាំ នៅរសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបញ្ជូនជនសង្ស័យប្រុសស្រី ចំនួន១០នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមច្បាប់ និងបន្ដស្រាវជ្រាវស្វែងរកបក្ខពួកដែលនៅសេសសល់៕