អាជ្ញាធរខេត្តបន្ទាយមានជ័យ ត្រៀមទីទួលសុវត្ថិភាព និងក្រុមជួយសង្គ្រោះជាស្រេច ក្នុងករណីគ្រោះទឹកជំនន់ កើតមានឡើងក្នុងភូមិសាស្រ្តខេត្ត
ភ្នំពេញ៖ ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានលើកឡើងថា៖ដើម្បីឆ្លើយតបទៅនឹងស្ថានភាពអាកាសធាតុក៏ដូចជាគ្រោះធម្មជាតិដែលតែងតែកើតមានជារៀងរាល់ឆ្នាំ ជាពិសេសនៅក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ដែលតែងតែទទួលរងគ្រោះដោយសារទឹកជំនន់ អាជ្ញាធរខេត្តបន្ទាយមានជ័យ បានត្រៀមរួចជាស្រេចនូវទីទួល សុវត្ថិភាពសម្រាប់ជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ ។
ការលើកឡើងបែបនេះក្នុងឱកាសដែលឯកឧត្ដមអភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥០ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម ខេង ស៊ុម ប្រធាន្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ ។
ឯកឧត្ដម អ៊ុំ រាត្រី បន្តថា៖ ជាបទពិសោធន៍កន្លងទៅខេត្តបន្ទាយមានជ័យ ខេត្តក៏ដូចជាក្រុង-ស្រុកទាំង៩ ជាពិសេសតំបន់ដែលតែងទទួលរងការជន់លិច អាជ្ញារធបានត្រៀមរួចរាល់នូវទីទួលសុវត្ថិភាពជូនបងប្អូនពលរដ្ឋស្នាក់នៅបណ្តោះអាសន្ន នៅពេលមានទឹកជំនន់កើតមានឡើងនៅរដូវវស្សានេះ។
មួយវិញទៀតឯកឧត្តមក៏បានជម្រុញណែនាំដល់កងកម្លាំងពាក់ព័ន្ធគ្រប់ស្ថាប័ន ត្រូវត្រៀមឱ្យបានរួចជាស្រេចនូវឧបករណ៍ជួយសង្គ្រោះ ដើម្បីចេញអន្តរាគមន៍នៅពេលមានទឹកជំនន់កើតមានឡើង។
ការដាក់ចេញនូវវិធានការនេះឡើង ដោយសារតែមួយរយៈពេលថ្មីៗនេះបណ្ដាខេត្តមួយចំនួនទទួលរងជំនន់ទឹកភ្លៀង ដែលបង្កធ្វើឱ្យមានការជន់លិចផលដំណាំ និងផ្ទះសម្បែងប្រជាពលរដ្ឋ នៅក្នុងខេត្តមួយចំនួន នៃព្រះរាជាណាចក្រកម្ពុជា៕