នាយឧត្តមសេនីយ៍ កែវ វណ្ណថន ផ្ញើសារអបអរសាទរ និងគោរពជូនពរឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងឱកាសត្រូវបានព្រះមហាក្សត្រ ចាត់តាំងជានាយករដ្ឋមន្ត្រី អាណត្តិទី៧
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ កែវ វណ្ណថន អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានផ្ញើសារចូលរួមអបអរសាទរ និងគោរពជូនពរឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខជនជាប់ឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា ឆ្នាំ២០២៣ ក្នុងឱកាសដែលត្រូវបានព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដមសីហមុនី ព្រះមហាក្សត្រកម្ពុជា ចាត់តាំងជានាយករដ្ឋមន្ត្រីកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ឆ្នាំ២០២៣។
ការទទួលបានការចាត់តាំងនេះ ពិតជាស័ក្តិសមបំផុតចំពោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងស្របតាមនីតិវិធី ច្បាប់ជាធរមាន និងឆន្ទៈប្រជាពលរដ្ឋដែលបានបោះឆ្នោតគាំទ្រ ជាបេក្ខជននាយករដ្ឋមន្ត្រី ក្នុងអត្រាជាង ៨២% និងសម្រាប់ព្រះរាជាណាចក្រកម្ពុជា ដែលមានឥស្សរជនវ័យក្មេងសម្រាប់បន្តវេន ជាថ្នាក់ដឹកនាំ និងជាបញ្ញវន្តខ្មែរដ៏ឆ្នើម ពោរពេញដោយ សមត្ថភាព ទេពកោសល្យ គុណធម៌ សីលធម៌ សុជីវធម៌ល្អ និងតែងតម្កល់ផលប្រយោជន៍ជាតិជាធំ ដែលតាមរយៈនេះ បានឆ្លុះ បញ្ចាំងឱ្យឃើញពីគុណវឌ្ឍដ៏ល្អប្រសើរ នៃភាពជាអ្នកដឹកនាំជាន់ខ្ពស់ប្រកបដោយភាពឈ្លាសវៃ និងអាចបន្តដឹកនាំរាជរដ្ឋាភិបាល កម្ពុជា ក្នុងបុព្វហេតុការពារជាតិមាតុភូមិ ប្រជាពលរដ្ឋ ការពាររដ្ឋធម្មនុញ្ញ អធិបតេយ្យភាព បូរណភាពទឹកដី សុខសន្តិភាព ស្ថិរភាពន់យោបាយ លើកកម្ពស់កិត្យានុភាពជាតិក្នុងក្របខណ្ឌតំបន់ និងសាកលលោក ធានានូវធុរកិច្ចក្រោមដំបូលនៃសន្តិភាព និង ធានាការអភិវឌ្ឍលើគ្រប់វិស័យ ស្របតាមគោលន់យោបាយ កម្មវិធីនយោបាយ និង “យុទ្ធសាស្ត្របញ្ចកោណឆ្នាំ២០២៣–២០២៨ សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ យ៉ាងពិតប្រាកដ។
ខ្ញុំពិតជាមានមោទនភាពយ៉ាងក្រៃលែង និងសូមយកឱកាសដ៏វិសេសវិសាលនេះ បួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក និងទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមជួយប្រសិទ្ឋ ពរជ័យបវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការជូន ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៧ នរដ្ឋសភា ឆ្នាំ២០២៣ និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត ព្រមទាំងក្រុមគ្រួសារជាទីគោរពស្រលាញ់ សូមបានសមប្រកបនូវពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ដើម្បីបន្តដឹកនាំ និងអភិវឌ្ឍជាតិមាតុភូមិកម្ពុជា ក្នុងបេសកកម្មដ៏ឧត្ដុង្គឧត្តមបម្រើជាតិ និង ប្រជាជន កម្ពុជា ឱ្យកាន់តែរីកចម្រើន ឈានឆ្ពោះទៅរកភាពសម្បូរសប្បាយជានិច្ចនិរន្តរ៍ ៕