សមត្ថកិច្ចឃាត់ខ្លួន លោកឧកញ៉ា ហ៉ី គឹមហុង អគ្គនាយកក្រុមហ៊ុនដីមាស និងប្រពន្ធ រួមទាំងអង្គរក្ស៥នាក់ ករណីផ្ទុះអាវុធតដៃជាមួយសមត្ថកិច្ច
ភ្នំពេញ៖ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹងថា សមត្ថកិច្ចបានឃាត់ខ្លួន មនុស្ស០៧នាក់ រួមមានលោកឧកញ៉ា ហ៉ី គឹមហុង អគ្គនាយកក្រុមហ៊ុនដីមាស និងប្រពន្ធ រួមទាំង អង្គរក្ស៥នាក់ មានជំលោះជាមួយពលរដ្ឋ និងផ្ទុះអាវុធជាមួយសមត្ថកិច្ច។
ការឃាត់ខ្លួននេះបានធ្វើឡើងនៅវេលាម៉ោង៤ល្ងាចថ្ងៃ ទី០៧ ខែសីហា ឆ្នាំ២០២៣ ស្ដិតភូមិ ត្រពាំងថ្លាន់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ។
នៅមុនកើតហេតុ មានអតិថិជនរាប់សិបនាក់ បានមកតវ៉ា តាំងពីព្រឹក ថ្ងៃទី០៧ ខែសីហា ប៉ុន្តែពុំមានការជួបណាមួយឡើយ ទើបអ្នកតវ៉ានាំគ្នាដុតកង់ឡាន ដើម្បីសុំជួបលោកឧកញ៉ាជជែកគ្នាដោះស្រាយ លុះរសៀលថ្ងៃដដែល អ្នកតវ៉ាសុំចូលស្នាក់ការ និងសុំយកអ្នកថតចូលផង ក៏ត្រូវក្រុមអង្គរក្សរបស់លោកឧកញ៉ា ប្រទូសវៃគ្នា និងដកកាំភ្លើងខ្លី រួចវាយសមត្ថកិច្ចម្នាក់ ទើបសមត្ថកិច្ចសម្រេចចិត្តបាញ់ឡើងលើជាច្រើនគ្រាប់ ដើម្បីទប់ទល់ ។
បច្ចុប្បន្នសមត្ថកិច្ច បានឃាត់ខ្លួនមនុស្សប្រុសស្រីទាំង០៧ បញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីសាកសួរ និងចាត់ការតាមនីតិវិធី៕