ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ និង ព្រះអង្គម្ចាស់ក្សត្រី នរោត្តម ម៉ារីរណឫទ្ធិ យាងក្រាបបង្គំគាល់ ព្រះមហាក្សត្រនិងសម្ដេចម៉ែ នៅព្រះមហាប្រាសាទខេមរិន្ទ ក្នុងព្រះបរមរាជវាំង
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៧ខែសីហា ឆ្នាំ២០២៣ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ និង ព្រះអង្គម្ចាស់ក្សត្រី នរោត្តម ម៉ារីរណឫទ្ធិ បានយាងក្រាបបង្គំគាល់ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ នៅព្រះមហាប្រាសាទខេមរិន្ទ ក្នុងព្រះបរមរាជវាំង។
ក្នុងឱកាសដ៏នក្ខន្តឬក្សនោះដែរ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សរាជានិយម ហ៊្វុនស៊ិនប៉ិច បានក្រាបបង្គំទូលថ្វាយនូវសកម្មភាពទូទៅអំពីគណបក្សហ៊្វុនស៊ិនប៉ិច បន្ទាប់ពីព្រះអង្គម្ចាស់ បានដឹកនាំបន្តវេនពី សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ជាពិសេសបន្តថែរក្សាមរតកដ៏ពិសិដ្ឋ នៃ សម្តេចតា ព្រះបរមរតនកោដ្ឋ គឺ ហ៊្វុនស៊ិនប៉ិច ឱ្យគង់វង្ស និងរុងរឿងទៅមុខ។
ព្រះអង្គម្ចាស់ ព្រមទាំងព្រះញាតិវង្ស ប្រជារាស្ត្រខ្មែរ សូមក្រាបព្រះបរមរាជានុញ្ញាតបួងសួងថ្វាយ ព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និង សម្តេចយាយ នូវព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរ គង់ជាម្លប់ដ៏ត្រជាក់ត្រជុំនៃប្រជារាស្ត្រខ្មែរ៕