សម្តេចម៉ែ ផ្ញើព្រះរាជអបអរសាទរឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានព្រះមហាក្សត្រ ចាត់តាំងជា នាយករដ្ឋមន្ត្រីនៃកម្ពុជា
ភ្នំពេញ៖ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ បានផ្ញើព្រះរាជសារលិខិតអបអរសាទរ ជូនចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ចាត់តាំងជា នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។
ព្រះរាជសារលិខិត, សម្តេចម៉ែ មានព្រះបន្ទូលយ៉ាងដូច្នេះថា៖ «ខ្ញុំមានហឫទ័យសោមនស្សរីករាយ សូមចូលរួមអបអរសាទរ ចំពោះឯកឧត្តមបណ្ឌិត ដែលត្រូវបាន ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហឫទ័យត្រាស់បង្គាប់ចាត់តាំងជា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីដឹកនាំ និងកសាងប្រទេសជាតិ ជាបន្តទៅទៀត។
ខ្ញុំសូមកោតសរសើរដ៏កក់ក្តៅចំពោះ ឯកឧត្តមបណ្ឌិត ដែលមានគុណបំណាច់ដ៏ថ្លៃថ្លា និងស្នាដៃដ៏ត្រចះត្រចង់ ក្នុងនាមជាយុវជនជំនាន់ថ្មី និងជាឥស្សរជនដឹកនាំដ៏ឆ្នើម របស់ព្រះរាជាណាចក្រកម្ពុជា ដែលពោរពេញទៅដោយសមត្ថភាព និងទេពកោសល្យខ្ពស់ ព្រមទាំងមានគុណធម៌ សីលធម៌ ព្រហ្មវិហារធម៌ ជាពិសេសបាននឹងកំពុងដឹកនាំធ្វើសកម្មភាពជាគម្រូ ជាក់ស្ដែងជាច្រើន ឆ្នាំមកហើយទៅលើវិស័យសំខាន់ៗ ដើម្បីបុព្វហេតុ ជាតិ សាសនា និងព្រះមហាក្សត្រ។
ខ្ញុំជឿជាក់ថា ក្នុងអាណត្តិទី៧ ជាបន្តទៅទៀតនេះ ឯកឧត្តមបណ្ឌិត ព្រមទាំងឯកឧត្តម លោកជំទាវ ជាឥស្សរជនក្នុងជួររាជរដ្ឋាភិបាល នឹងបន្តដឹកនាំប្រទេសឱ្យទទួលបាននូវមហាជោគជ័យ បន្ថែមទៀតលើបេសកកម្មដ៏ឧត្តុង្គឧត្តម ដើម្បីជាឧត្តមប្រយោជន៍របស់ប្រទេសជាតិយើង។ ខ្ញុំសូមប្រសិទ្ធពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរ ជូន ឯកឧត្តមបណ្ឌិត និង លោកជំទាវបណ្ឌិត ព្រមទាំងក្រុមគ្រួសារ សូមបានប្រកបតែនឹងព្រះពុទ្ធពរគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»។