ឯកឧត្តម សួន រស្មី ដឹកនាំកិច្ចប្រជុំពិនិត្យលេីសេចក្តីព្រាងអនុក្រឹត្យស្តីពីការអនុវត្តទណ្ឌកម្មវិន័យសម្រាប់មន្ត្រីរាជការស៊ីវិល
ភ្នំពេញ៖ ឯកឧត្តម សួន រស្មី អគ្គាធិការ នៃអគ្គាធិការដ្ឋានក្រសួងមុខងារសាធារណៈ នាព្រឹកថ្ងៃពុធ ៨រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំ៖
១-ពិនិត្យលេីសេចក្តីព្រាងអនុក្រឹត្យស្តីពីការអនុវត្តទណ្ឌកម្មវិន័យសម្រាប់មន្ត្រីរាជការស៊ីវិល
២-កិច្ចការផ្សេងៗ។
កិច្ចប្រជុំមានការចូលរួមពី ឯកឧត្តម លោក លោកស្រី អគ្គាធិការរង ប្រធាននាយកដ្ឋាន អធិការ អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ មួយចំនួន នៃនាយកដ្ឋានចំណុះអគ្គាធិការដ្ឋាន។
អង្គប្រជុំបានពិគ្រោះពិភាក្សាបញ្ចេញមតិយោបល់លេីសេចក្តីព្រាងអនុក្រឹត្យស្តីពីការអនុវត្តទណ្ឌកម្មវិន័យសម្រាប់មន្ត្រីរាជការស៊ីវិល និងប្រមូលបានធាតុចូលបន្ថែមក្នុងសេចក្តីព្រាងនេះឱ្យកាន់តែលម្អិត និងគ្រប់ជ្រុងជ្រោយបន្ថែមទៀត។
ក្នុងឱកាសនោះ ឯកឧត្តម សួន រស្មី អគ្គាធិការ បានកោតសរសេីរចំពោះការខិតខំបំពេញការងារនាពេលកន្លងមករបស់ ឯកឧត្តមអគ្គាធិការរង ប្រធាននាយកដ្ឋាន អធិការ និងមន្ត្រីរាជការ នៃអគ្គាធិការដ្ឋាន ដែលបានយកចិត្តទុកដាក់សិក្សារៀនសូត្រ ស្វែងយល់ ព្រមទាំងស្រាវជ្រាវច្បាប់ លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមានដេីម្បីមានមូលដ្ឋានក្នុងការកសាងលិខិតបទដ្ឋានគតិយុត្តនានា។
ចុងបញ្ចប់ ឯកឧត្តមអគ្គាធិការ បានណែនាំ និងសំណូមពរ ដល់មន្ត្រីរាជការទាំងអស់នៃអគ្គាធិការដ្ឋាន សូមបន្តខិតខំអនុវត្តការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ សិក្សាស្រាវជ្រាវច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមានសម្រាប់អនុវត្តការងារឱ្យមានប្រសិទ្ធភាព ៕