រដ្ឋមន្ត្រី វង សូត អរគុណចំពោះភាគីថៃ ដែលបានចំណាយថវិកា ក្នុងដំណើរការនៃការសាងសង់មជ្ឈមណ្ឌលសំចត នៅក្រុងប៉ោយប៉ែត
បន្ទាយមានជ័យ៖ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងការអរគុណចំពោះភាគីថៃ ដែលបានជួយជ្រុំជ្រេងទាំងថវិកា ក្នុងដំណើរការនៃការសាងសង់ផ្នែកបច្ចេកទេស សម្ភារៈទៅតាមស្តង់ដារ ដើម្បីទទួលបងប្អូនពលកររងគ្រោះដោយអំពើជួញដូរ មនុស្ស និងជនងាយរងគ្រោះដទៃទៀត បានស្នាក់នៅ នឹងសិក្សារៀនសូត្រជំនាញដើម្បីយកទៅបង្កើតរបចិញ្ចឹមជីវិត។
ការថ្លែងនេះក្នុងឱកាសដែលឯកឧត្តមអញ្ជើញចុះពិនិត្យមើលនៃការសាងសង់មជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាសម្រាប់ជនរងគ្រោះដោយអំពើជួញដូរ មនុស្ស និងជនងាយរងគ្រោះដទៃទៀត នៅក្រុងប៉ោយប៉ែត ថ្ងៃទី០៨ ខែសីហា រួមនឹងប្រតិភូអមដំណើរ ដោយមានការចូលរួមពីលោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្ត អភិបាលក្រុងប៉ោយប៉ែត ។
នាឱកាសនោះ ឯកឧត្តម ក៏បានណែនាំ ដល់មន្ត្រីទាំងអស់ ត្រូវផ្តល់សេវានេះជូនដល់ពលរដ្ឋដែលរងគ្រោះមកទទួលសេវានៅទីនេះឱ្យបានល្អនឹងត្រូវប្រកាន់ភ្ជាប់នូវក្រមសិលធម៌ល្អ ដោយមិនត្រូវគិតផលប្រយោជន៍ផ្ទាល់ខ្លួនរួមជាធំ នោះឡើយ។
បើតាមការឲ្យដឹងពីលោកស្រី ឈា ម៉ានិត ប្រធានមណ្ឌលសំចត ក្រុងប៉ោយប៉ែត បានបញ្ជាក់ថា៖ គម្រោងសាងសង់មជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាសម្រាប់ជនរងគ្រោះដោយអំពើជួញដូរ មនុស្ស និងជនងាយរងគ្រោះដទៃទៀត មានទីតាំងស្ថិតក្នុងភូមិប្រជាធម្មកើត សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ គម្រោងនេះមុននឹងចាប់ផ្តើមការសាងសង់ ភាគីទាំងពីរគឺរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ បានរៀបចំបង្កើតគណៈកម្មាធិការដើម្បីជួបប្រជុំគ្នាចុះត្រួតពិនិត្យស្ថានភាពការដ្ឋានសាងសង់ជាប្រចាំរៀងរាល់មួយខែម្តងនៅសប្តាហ៍ទី៣នៃខែ។
លោកស្រីបន្តថា ការសាងសង់មជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាសម្រាប់ជនរងគ្រោះ ជាជំនួយឥតចំណងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ចំនួនទឹកប្រាក់ (២,១៩៩,៩២០ ដុល្លារសហរដ្ឋអាមេរិក)។គម្រោងសាងសង់នេះមានរយៈពេល ១ឆ្នាំ ចាប់ផ្ដើមសាងសង់នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ នឹងបញ្ចប់នៅថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០២៣ខាងមុខនេះ ដែលមានទំហំផ្ទៃដីសរុប ៩,៧៦៨ ម៉ែត្រការ៉េ (បណ្តោយ១០១,៣៩ម ទទឹង៩៦.៣៤ម)។
លោកស្រី ឈា ម៉ានិត ប្រធានមណ្ឌលសំចត ក្រុងប៉ោយប៉ែត បានបញ្ជាក់ទៀតថា ការទទួលជនរងគ្រោះដោយអំពើជួញដូរមនុស្ស និងជនងាយរងគ្រោះដ៏ទៃទៀតក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ការទទួលពលករ ពលការិនីកម្ពុជាបញ្ជូនមកពីប្រទេសថៃក្នុង១ថ្ងៃ ជាមធ្យម ៥០នាក់។ ដោយឡែកការទទួលជនរងគ្រោះបញ្ជូនមកពីប្រទេសថៃក្នុង ១ខែ ជាមធ្យម ១០នាក់។ ក្នុងនោះដែរមជ្ឈមណ្ឌល ក៏មានជំនាញវិជ្ជាជីវៈចំនួន៥ រួមមាន ៖ ជំនាញកាត់ដេរ, ជំនាញសាឡន, ជំនាញធ្វើម្ហូប/បង្អែម, ជំនាញអគ្គិសនី និងទឹក, ជំនាញម៉ាស៊ីនត្រជាក់ផងដែរ៕