ឧត្តមសេនីយ៍ឯក ឯក សំអូន អញ្ជើញបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញរថពាសដែកBMP-1 នៅទីបញ្ជាការវសេនាតូចរថក្រោះលេខ៦៧
ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញរថពាសដែក BMP-1 នៅទីបញ្ជាការវសេនាតូចរថក្រោះលេខ៦៧ ដោយវគ្គហ្វឹកហ្វឺនបំប៉នជំនាញរថពាសដែកBMP-1 មានសិក្ខាកាម ចំនួន ៥០នាក់ និងសិក្សារយៈពេល ៩១ថ្ងៃ។
ក្នុងឱកាសនេះ ឯកឧត្តម មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ បានថ្លែងនូវការសួរសុខទុក្ខប្រកបដោយមនោសញ្ចេតនា ស្រឡាញ់រាប់អានយ៉ាងជ្រាលជ្រៅ និងកោតសរសើរចំពោះ មេបញ្ជាការ វសេនាតូចរថក្រោះលេខ៦៧ ដែលបានរៀបចំបើកវគ្គហ្វឹកហ្វឺន ដ៏មានសារសំខាន់នេះ សំដៅបង្កើនសមត្ថភាពជំនាញរថពាដែកBMP-1 ធានាឲ្យកិច្ចការពារអធិបតេយ្យ បូរណភាពទឹកដី និងការពារភាពសុខសាន្តជូនប្រជាជន។
ឯកឧត្តម មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ បានផ្តល់អនុសាសន៍សំខាន់ៗមួយចំនួនដល់វគ្គហ្វឹកហ្វឺន និង សិក្ខាកាមទាំងអស់ត្រូវគោរពម៉ឺងម៉ាត់ពេលវេលា វិន័យសណ្ដាប់ធ្នាប់ បទបញ្ជាហ្វឹកហ្វឺនឲ្យបានម៉ឹងម៉ាត់ រក្សាសាមគ្គីភាព ឯកភាព ជួយឧបត្ថម្ភគ្នាទៅវិញទៅមក សិក្សាស្វែងយល់ ដើម្បីពង្រីកបាននូវ ចំណេះដឹង ចំណេះធ្វើ ទទួលបានលទ្ធផលខ្ពស់នៅពេលបញ្ចប់វគ្គ លើកកម្ពស់មនសិការស្នេហាជាតិ ស្មោះត្រង់ដាច់ខាតចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិ ការពារព្រះមហាក្សត្រ ជាទីគោរពសក្ការៈ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូតចេញពីការបោះឆ្នោតត្រឹមត្រូវ យុត្តិធម៌ និងគាំទ្រ ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មី នៃព្រះរាជាណាចក្រកម្ពុជា។
ជាកិច្ចបញ្ជប់ ឯកឧត្តម មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ ក៏បានប្រកាសបើកវគ្គចាប់ពីពេលនេះតទៅ និងបានឧបត្ថម្ភថវិកា ចំនួន ២.០០០.០០០រៀល ផងដែរ៕