លោក ញ៉ាញ់ ជាបហ៊ង ចុះពន្លឿនការអន្តរាគមន៍បូមទឹក ជូនប្រជាពលរដ្ឋដែលកំពុងរងគ្រោះរាំងស្ងួតនៅស្រុកគងពិសី និងស្រុកសំរោងទង
ភ្នំពេញ៖ លោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ បានចុះពន្លឿនការអន្តរាគមន៍ជួយបូមទឹកបញ្ចូលទៅប្រឡាយមេ និងប្រឡាយជើងក្អែបដើម្បីឲ្យប្រជាពលរដ្ឋអាចបូមបន្តបញ្ចូលទៅក្នុងស្រែរបស់ខ្លួនដែលកំពុងរងផលប៉ះពាល់ ក្រោយមិនមានភ្លៀងធ្លាក់ជិតមួយខែមកនេះ នៅក្នុងស្រុកគងពិសី និងស្រុកសំរោងទង។
លោក ញ៉ាញ់ ជាបហ៊ង បានលើកឡើងថា នៅដើមខែសីហាកន្លងមកនេះ ខេត្តកំពង់ស្ពឺ បានរងការជន់លិចដោយជំនន់ទឹកភ្លៀង ធ្វើឲ្យហេដ្ឋារចនាសម្ព័ន្ធ និងផលដំណាំមួយចំនួនបានរងការខូចខាត។ ការជន់លិចនេះទៀតសោតបានបង្ហាញថា ខេត្តកំពង់ស្ពឺ អាចនឹងមានទឹកគ្រប់គ្រាន់សម្រាប់ប្រជាកសិករធ្វើស្រែចំការ តែផ្ទុយទៅស្រូវស្រែរបស់ប្រជាពលរដ្ឋ នៅចំនួនពីរស្រុកគឺស្រុកគងពិសី និងស្រុកសំរោងទង ត្រូវរងផលប៉ះពាល់ដោយការខ្វះទឹកទៅវិញ។
លោក ញ៉ាញ់ ជាបហ៊ង បានបញ្ជាក់ថា បច្ចុប្បន្នស្រុកចំនួនពីរខាងលើ មានផ្ទៃដីស្រែប្រមាណជាង ៥ពាន់ហិចតា កំពុងទាមទារឲ្យមានការជួយសង្គ្រោះ ហើយក្នុងនោះផ្ទៃដីស្រែដែលរងផលប៉ះពាល់ច្រើនជាងគេ គឺក្នុងស្រុកគងពិសី ដែលមានចំនួនប្រមាណជិត ៥ពាន់ហិចតា។
លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានបន្ថែមថា ក៏បានដាក់ម៉ាស៊ីនខ្នាតធំចំនួនពីរគ្រឿង ដើម្បីបូមទឹកចេញពីប្រឡាយមេទម្លាក់ទៅក្នុងប្រឡាយជើងក្អែប ដោយការបូមធ្វើឡើងពីរដំណាក់កាល។ ក្នុងនោះពលរដ្ឋម្ចាស់ស្រែបានដាក់ម៉ាស៊ីនដើម្បីបូមទម្លាក់ទៅក្នុងស្រែរៀងខ្លួន ចំនួន៥០គ្រឿងដែលប្រេងសម្រាប់ប្រើប្រាស់ក្នុងការបូមនេះ គឺឧបត្ថម្ភដោយមន្ទីរជំនាញ។
លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានរំពឹងថា នឹងអាចសង្គ្រោះស្រូវចេញពីការខូចខាតបានក្នុងរយៈដ៏ខ្លីខាងមុខ ពីព្រោះខេត្តមានអាងទំនប់ស្តុកទឹកច្រើនកន្លែង ដែលមានសមត្ថភាពក្នុងការបង្ហូរទឹកទៅដល់ចំណុចរងគ្រោះ។ ជាមួយនោះក៏ទាមទារឲ្យម្ចាស់ស្រែដែលរងផលប៉ះពាល់ទាំងអស់ ជួយរាយការណ៍មកអាជ្ញាធរមូលដ្ឋាននៅជិត ដើម្បីឲ្យជំនាញមានលទ្ធភាពក្នុងការជួយសង្គ្រោះបានទាន់ពេលវេលា ៕