ក្រសួងអប់រំ រៀបចំកម្មវិធីអបអរសាទរខួបលើកទី២៤ ទិវាអន្តរជាតិសម្រាប់យុវជន ១២ សីហា
ភ្នំពេញ៖ នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣ នាយកដ្ឋានយុវជន នៃអគ្គនាយកដ្ឋានយុវជន ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំកម្មវិធីអបអរសាទរខួបលើកទី២៤ ទិវាអន្តរជាតិសម្រាប់យុវជន ១២ សីហា ឆ្នាំ២០២៣ ក្រោមមូលបទជាសាកល៖ បំណិនបៃតងសម្រាប់យុវជន៖ ឆ្ពោះទៅពិភពលោកប្រកបដោយនិរន្តរភាព ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ក្រសួងអប់រំ យុវជន និងកីឡា ដោយមានអ្នកចូលរួមសរុបចំនួន ១,២០០នាក់។
ជាមួយគ្នានេះ នាយកដ្ឋានយុវជនក៏បានរៀបចំកម្មវិធីការប្រកួតវោហាសព្ទឆ្នើម និងការប្រកួតវគ្គផ្តាច់ព្រ័ត្រ កម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ២០២៣ លើប្រធានបទ “ឥទ្ធិពលនៃបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត (AI) ជាកត្តាគន្លឹះដល់អនាគតភាពនៃវិស័យអប់រំនៅកម្ពុជា” បកស្រាយដោយក្រុមយុវជនឆ្នើមតំណាងវិទ្យាល័យចំនួន២ គឺសាលា បញ្ញាសាស្ត្រអន្តរជាតិ បាត់ដំបង (ខេត្តបាត់ដំបង) តំណាងឱ្យក្រុមស្រប និងសាលា ចំណេះទូទៅមីគីវ៉េ (រាជធានីភ្នំពេញ) តំណាងឱ្យក្រុមបដិសេធ ដើម្បីដណ្តើមយកជ័យលាភីថ្នាក់ជាតិប្រចាំឆ្នាំ២០២៣។
ក្នុងឱកាសនោះផងដែរ ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានផ្ដល់់កិត្តិយសដ៏ខ្ពង់ខ្ពស់ថ្លែងនូវបាឋកថាពិសេស ស្ដីពី “បញ្ញាសិប្បនិមិត្ត និងការអប់រំនៅកម្ពុជា»។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានមានប្រសាសន៍ថា៖ “ក្រសួងអប់រំ យុវជន និងកីឡាបាននិងកំពុងពង្រឹងយ៉ាងមុតមាំ ក្នុងការអភិវឌ្ឍចំណេះដឹង និងបំណិនស្រាវជ្រាវរបស់យុវសិស្សទៅលើបច្ចេកវិទ្យា (AI) ឲ្យបានទូលំទូលាយ។ ក្នុងរបត់សង្គមឌីជីថលដែលឥទ្ធិពលនៃបញ្ញាសិប្បនិម្មិត (AI) អាចគ្របដណ្ដប់ស្ទើរគ្រប់វិស័យ ចាំបាច់តម្រូវសង្គមនោះសម្បូរទៅដោយយុវជនឌីជីថលដែលឆ្នើម ចេះវិភាគ ថ្លឹងថ្លែងមើលពីគុណប្រយោជន៍ និងគុណវិបត្តិបញ្ញាសិប្បនិម្មិត ដើម្បីទាញយកផលប្រយោជន៍ពីបច្ចេកវិទ្យាដ៏មានឥទ្ធិពលមួយនេះ និងផ្ដល់ភាពរីកចម្រើនលើគ្រប់វិស័យ “៕