រដ្ឋមន្ត្រីការបរទេសចិន ថាអាមេរិកជាប្រភពនៃអស្ថិរភាពដ៏ធំបំផុតរបស់ពិភពលោក
ប៉េកាំង៖ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានឲ្យដឹងនៅក្នុងកិច្ចប្រជុំជាមួយនាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong ថា សកម្មភាពរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងប្រទេសចិនបង្ហាញថា ប្រទេសនេះគឺជាប្រភពនៃអស្ថិរភាពដ៏ធំបំផុតនៅក្នុងពិភពលោក។
សហរដ្ឋអាមេរិកកំពុងទម្លាក់របាំងនៃការប្រកួតប្រជែងដោយយុត្តិធម៌ នៅពេលដែលវាបង្ខិតបង្ខំប្រទេសផ្សេងទៀតឱ្យចូលរួមក្នុងកិច្ចគាំពារនិយមឯកតោភាគីប្រឆាំងនឹងប្រទេសចិន។ សកម្មភាពទាំងនេះនឹងធ្វើឱ្យខូចទំនុកចិត្តលើទីក្រុងវ៉ាស៊ីនតោន និងបង្ហាញឱ្យពិភពលោកដឹងថាសហរដ្ឋអាមេរិកបានក្លាយជាកត្តាអស្ថិរភាពដ៏ធំបំផុតនាពេលបច្ចុប្បន្ននេះ។ លោក Wang Yi ត្រូវបានគេដកស្រង់សម្ដីដោយគេហទំព័រក្រសួងការបរទេសចិន។
លោក Wang Yi នឹងធ្វើដំណើរទស្សនកិច្ចនៅប្រទេសសិង្ហបុរី ម៉ាឡេស៊ី និងកម្ពុជា ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែសីហា។ ដូចដែលបានបញ្ជាក់មុននេះដោយក្រសួងការបរទេសចិន បណ្តាប្រទេសអាស៊ីអាគ្នេយ៍កំពុងចូលរួមយ៉ាងសកម្មនៅក្នុងគម្រោងនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយ ផ្លូវមួយ។ សិង្ហបុរី ម៉ាឡេស៊ី និងកម្ពុជា គឺជាដៃគូដ៏សំខាន់ ដែលប្រទេសចិនកំពុងអភិវឌ្ឍយ៉ាងសកម្មនូវកិច្ចសហប្រតិបត្តិការ។
ប្រភព៖ TASS
ប្រែសម្រួលដោយ៖ {ឡាយ លីហួ}
https://tass.com/world/1659307