ឯកឧត្តម វេង សាខុន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ សម្រាប់មណ្ឌលខេត្តត្បូងឃ្មុំ
ភ្នំពេញ៖ ឯកឧត្តម វេង សាខុន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម នាព្រឹកថ្ងៃអាទិត្យ ១២រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ សម្រាប់មណ្ឌលខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ជា សុផារ៉ា សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាអនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តត្បូងឃ្មុំ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ។
យោងតាមរបាយការណ៍បូកសរុបគណៈកម្មាធិការបក្សថ្នាក់ខេត្តបានបញ្ជាក់ឲ្យដឹងថា៖
នៅទូទាំងខេត្ត មានសមាជិកបក្សសរុបមាន ៣៨៤,៩៩៩នាក់ ស្មើនឹង ៧៨,៥៧% នៃអ្នកដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ចំនួន ៤៨៩,៩៥៨នាក់។ ប្រជាពលរដ្ឋបានទៅបោះឆ្នោតសរុបចំនួន ៤១៦,៧០៩នាក់ ស្មើនឹង ៨៥,០៤% នៃចំនួនប្រជាពលរដ្ឋ មានឈ្មោះក្នុងបញ្ជីបោះឆ្នោត ៤៨៩,៩៥៨នាក់។ សន្លឹកឆ្នោតបានការសរុបចំនួន ៣៩៣,០២៦ ស្មើនឹង ៩៤,៣១% នៃចំនួនសន្លឹកឆ្នោតដែលបានបោះសរុប ៤១៦,៧០៩សន្លឹក។ សន្លឹកឆ្នោតមិនបានការសរុបចំនួន ២៣,៦៨៣សន្លឹក ស្មើនឹង ៥,៦៨% នៃចំនួនអ្នកដែលបានទៅបោះឆ្នោត ៤១៦,៧០៩នាក់។ គណបក្សប្រជាជនកម្ពុជាទទួលបានសម្លេងគាំទ្រចំនួន ៣៣៤,៨៩៧សម្លេង ស្មើនឹង ៨៥,២០% នៃចំនួនសន្លឹកឆ្នោតបានការសរុប ៣៩៣,០២៦សន្លឹក និងស្មើនឹង ៨៦,៩៨% នៃចំនួនសមាជិកគណបក្សដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ៣៨៤,៩៩៩នាក់ ហើយស្មើនឹង ១០៥.៧៤% នៃសន្ទស្សន៍ផែនការ ៣១៦,៦៩៣សម្លេង។ បើធៀបនឹងសម្លេងគាំទ្រឆ្នាំ២០២២ កើនឡើងចំនួន ៥៨,០០២សម្លេង និងបើធៀបជាមួយសម្លេងគាំទ្រឆ្នាំ២០១៨ កើនឡើងចំនួន ៦៧,៩៥២សម្លេង។ ប្រជាពលរដ្ឋចំណាកស្រុកដែលបានមកបោះឆ្នោតចំនួន ២៤,៤៨០នាក់ ស្មើនឹង ៧០,០៦% នៃពលរដ្ឋចំណាកស្រុកសរុប ៣៤,៩៣៩នាក់ ក្នុងនោះចំណាកស្រុកក្នុងប្រទេស ២៩,១១៤នាក់ និងចំណាកស្រុកក្រៅប្រទេស ៥,៨២៥នាក់។
ដោយឡែកនៅស្រុកតំបែរ មានសមាជិកបក្សសរុបចំនួន ៣៦,៧៥៥នាក់ ស្មើនឹង ៧០,៩២% នៃអ្នកដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចំនូន ៥១,៨២០នាក់។ ប្រជាពលរដ្ឋបានទៅបោះឆ្នោតសរុបចំនួន ៤៤,៥២២នាក់ ស្មើនឹង ៨៥,៩% នៃចំនួនប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជី បោះឆ្នោតចំនួន ៥១,៨២០នាក់។ ទទួលបានសម្លេងគាំទ្រចំនួន ៣៦,៩៨៦សម្លេង ស្មើនឹង ៨៦,៣៨% នៃសន្លឹកឆ្នោតបានការសរុបចំនួន ៤២,៨១៦សន្លឹក។ ស្មើនឹង ៧១,១៨% នៃអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចំនួន ៥១,៨២០នាក់។ ស្មើនឹង ១០០,៦២% នៃចំនួនសមាជិកបក្សសរុបចំនួន ៣៦,៧៥៥នាក់។ ស្មើនឹង ១១២,១២% នៃសន្ទស្សន៍ផែនការសរុបចំនួន ៣២,៩៨៩សម្លេង។ ធៀបនឹងសម្លេងគាំទ្រឆ្នាំ២០២២ សរុបចំនួន ៣១,៣០០សម្លេង គឺកើនឡើង ៥,៦៨៦សម្លេង។ ធៀបនឹងសម្លេងគាំទ្រឆ្នាំ២០១៨ សរុបចំនួន ២៨,៨៤៤សម្លេង គឺកើនឡើង ៨,១៤២សម្លេង។ សន្លឹកឆ្នោតមិនបានការសរុបចំនួន ១,៧០៤សន្លឹក ស្មើនឹង ២.៤១% នៃសន្លឹកឆ្នោតបានបោះ។ ប្រជាពលរដ្ឋចំណាកស្រុកដែលបានមកបោះឆ្នោតសរុបចំនួន ១,៥២៥នាក់ ស្មើនឹង ៩៦.៧៦% នៃចំណាកស្រុកសរុប ១,៥៧៦នាក់ ៕