សម្ដេច ស ខេង៖ តាំងពីឆ្នាំ១៩៩៣ រហូតមកដល់ឆ្នាំ២០២៣នេះ កម្ពុជា រៀបចំការបោះឆ្នោតតាមគោលការណ៍ លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត បានថ្លែងថា ចាប់តាំងពីការបោះឆ្នោតជាតិឆ្នាំ ១៩៩៣ រហូតមកទល់នឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣នេះ កម្ពុជាបានធ្វើការបោះឆ្នោតតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ទាំងការបោះឆ្នោតដោយផ្ទាល់ និងមិនផ្ទាល់បានយ៉ាងទៀងទាត់ ស្របតាមរដ្ឋធម្មនុញ្ញ ច្បាប់បោះឆ្នោត សរុបចំនួន១៨ ក្នុងការបោះឆ្នោតរួចមកហើយ។
នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង និងឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលពិធីនេះប្រារព្ធធ្វើឡើងនៅឯសាលមហោស្រពស្ទឹងសង្កែ ខេត្តបាត់ដំបង។
អញ្ជើញមានប្រសាសន៍ នាឱកាសនោះ សម្តេចក្រឡាហោម ស ខេង បានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រី គ.ជ.ប អាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច គណបក្សនយោបាយ អ្នកសង្កេតការណ៍ជាតិ អន្តរជាតិ អ្នកពាក់ព័ន្ធនានា ព្រមទាំងប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមអនុវត្តប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួនស្របតាមច្បាប់បោះឆ្នោត បទបញ្ជា នីតិវិធី និងក្រមសីលធម៌នានា សម្រាប់ការបោះឆ្នោតប្រកបដោយស្មារតីទទួលខុសត្រូវ និងភាពថ្លៃថ្នូរ ក្នុងនាមជាប្រជាជាតិខ្មែរ ដើម្បីផលប្រយោជន៍ខ្មែរ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នេះទទួលបានលទ្ធផលល្អប្រសើរទាំងលើទិដ្ឋភាពច្បាប់ និងទិដ្ឋភាពបច្ចេកទេស ប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ យុត្តិធម៌ ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ ក្រោមបរិយាកាសសន្តិភាព មានស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ និងមានសុវត្ថិភាពយ៉ាងល្អប្រសើរ ៕