សម្ដេចក្រឡាហោម៖គ្មានប្រទេសណាមួយ ដែលបានរៀបចំចាត់ចែង ការបោះឆ្នោតល្អឥតខ្ចោះឡើយ
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត បានបញ្ជាក់ថា ការបោះឆ្នោតគ្មានប្រទេសណាមួយ ដែលបានរៀបចំចាត់ចែងការបោះឆ្នោតដែលល្អឥតខ្ចោះនោះឡើយ ដោយឡែក សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧នេះ អាចចាត់ទុកថា ជាការបោះឆ្នោតដ៏ជោគជ័យបំផុត ។
នៅថ្ងៃពុធ ទី១៥ ខែសីហា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង និងឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលពិធីនេះប្រារព្ធធ្វើឡើងនៅឯសាលមហោស្រពស្ទឹងសង្កែ ខេត្តបាត់ដំបង។
ក្នុងឱកាសនោះសម្ដេចក្រឡាហោម បញ្ជាក់យ៉ាងដូច្នេះថា «ការបោះឆ្នោតគ្មានប្រទេសណាមួយ ដែលបានរៀបចំចាត់ចែងការបោះឆ្នោតដែលល្អឥតខ្ចោះនោះឡើយ ដោយឡែក សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧នេះ អាចចាត់ទុកថា ជាការបោះឆ្នោតដ៏ជោគជ័យបំផុត បើប្រៀបធៀបនឹងការបោះឆ្នោតមុនៗនៅកម្ពុជា ដោយការបោះឆ្នោតនេះមានអត្រានៃការចូលរួមបោះឆ្នោតខ្ពស់រហូតដល់៨៤,៥៩% ដែលបានចេញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្ររបស់ខ្លួនដោយគ្មានការបង្ខិតបង្ខំ គ្មានការគំរាមកំហែង មានសណ្តាបធ្នាប់របៀបរៀបរយល្អ» ។
សម្ដេចក្រឡាហោម ស ខេង បានបន្ថែមថា គណបក្សនយោបាយបានចូលរួមបោះឆ្នោតទាំងអស់ បានធ្វើសកម្មភាព ប្រកួតប្រជែងគ្នា ប្រកបដោយភាពថ្លៃថ្នូរ ដែលនេះអាចបង្ហាញពីការយល់ដឹង អំពីគុណតម្លៃនៃលទ្ធិប្រជាធិបតេយ្យ អំពីសិទ្ធិបោះឆ្នោត ជាហេតុធ្វើឱ្យអ្នកបោះឆ្នោតបានចូលរួមក្នុង ដំណើរការបោះឆ្នោត និងសម្រេចចិត្តជ្រើសរើសតំណាងរបស់ខ្លួន ដោយស្ម័គ្រចិត្ត ដើម្បីសម្រេចជោគវាសនាអនាគតប្រទេសជាតិរបស់ខ្លួន៕