ក្រសួងផែនការ រៀបចំពិធីបំពាក់គ្រឿងឥស្សរិយយសការងារ និងប័ណ្ណសរសើរ ជូនថ្នាក់ដឹកនាំ បុគ្គលិក មន្ត្រីរាជការ និងមន្ទីរផែនការរាជធានី ខេត្ត
ភ្នំពេញ៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ នៅថ្ងៃទី៨ ដល់ទី១១ ខែសីហា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីបំពាក់គ្រឿងឥស្សរិយយសការងារ និងប័ណ្ណសរសើរជូនថ្នាក់ដឹកនាំ បុគ្គលិក មន្ត្រីរាជការ ក្រសួងផែនការ និងមន្ទីរផែនការរាជធានី ខេត្ត ដោយមានការចូលរួមពីថ្នាក់ដឹកនាំ បុគ្គលិក មន្ត្រីរាជការក្រសួង ចំនួនប្រមាណ ៥០០នាក់។
ថ្លែងក្នុងពិធី ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានមានប្រសាសន៍ថា ថ្ងៃនេះ ថ្នាក់ដឹកនាំ បុគ្គលិក មន្ត្រីរាជការរបស់ក្រសួងផែនការយើងទាំងអស់ ពិតជាស័ក្តសមនឹងទទួលបាននូវតម្លៃមួយ តបស្នងដល់រាល់ការខិតខំប្រឹងប្រែង ដែលយើងមិនត្រឹមតែអបអរសាទរចំពោះសមិទ្ធិផលផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែជាភាពជោគជ័យរួមគ្នា នៃក្រុមការងារ អង្គភាពនិងក្រសួងផែនការទាំងមូល។ រាល់មេដាយ រាល់ការសរសើរ វាតំណាងឱ្យការខិតខំប្រឹងប្រែងដោយមិនគិតនឿយហត់ ការតស៊ូ ចំណាយពេលវេលា និងការគិតប្រកបដោយភាពច្នៃប្រឌិតដែលបានធ្វើឱ្យស្ថាប័នរបស់យើងរីកចម្រើនមកដល់សព្វថ្ងៃនេះ។រី រដ្ឋមន្ត្រីក្រសួងផែនការ
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត សូមថ្លែងអំណរគុណ និងអបអរសាទរយ៉ាងស្មោះអស់ពីដួងចិត្ត ចំពោះថ្នាក់ដឹកនាំ បុគ្គលិក មន្ត្រីរាជការក្រសួងផែនការទាំងអស់ សម្រាប់ការប្តេជ្ញាចិត្ត ខិតខំប្រឹងប្រែង ដើម្បីសម្រេចបានសមិទ្ធផលជូនក្រសួង រាជរដ្ឋាភិបាល និងសង្គមជាតិទាំងមូល។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានបន្តថាការបំពាក់ជូននូវគ្រឿងឥស្សរិយយសនាពេលនេះ គឺជាការចារឹកទុកនូវ គុណសម្បត្តិ ស្នាដៃរបស់មន្ត្រីរាជការ ដែលបានបំពេញភារកិច្ចរបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ព្រមទាំងជាការលើកទឹកចិត្តចំពោះការខិតខំ បង្កើនស្នាដៃថ្មីៗថែមទៀត ក្នុងការចូលរួមលើកស្ទួយវិស័យ ផែនការ ស្ថិតិ និងប្រជាជននិងអភិវឌ្ឍន៍ ឱ្យទទួលបានការអភិវឌ្ឍរីកចម្រើនជាប្រចាំតទៅទៀត។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានបញ្ជាក់ថា នៅក្រោមម្លប់នៃសុខសន្តិភាពពេញលេញ ដែលជាផ្លែផ្កានៃនយោបាយឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រែក្លាយពីស្ថានភាពនៃការបំផ្លិចបំផ្លាញ ដោយសារវិនាសកម្មសង្គ្រាម មកជាមានការអភិវឌ្ឍរីកចម្រើនជាលំដាប់លើគ្រប់វិស័យ ហើយកំពុងបន្តពង្រឹងនិងពង្រីកសក្តានុពលរបស់ខ្លួនឆ្ពោះទៅរកវឌ្ឍនភាពរុងរឿងបន្ថែមទៀត ក្រោមកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសទៅទៀត រាជរដ្ឋាភិបាលកម្ពុជាថ្មី អាណត្តិទី៧ នៃរដ្ឋសភាក្រោមការដឹកនាំរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តវេន នាំនាវាកម្ពុជា ឆ្ពោះទៅរកសុខសន្តិភាព និងការអភិវឌ្ឍឥតឈប់ឈរ ក្នុងន័យនេះ ខ្ញុំក៏សូមស្នើដល់អង្គពិធីទាំងមូល គាំទ្រនូវ “កម្មវិធីនយោបាយសម្រាប់ការកសាង និងការពារមាតុភូមិឆ្នាំ២០២៣-២០២៨” ដើម្បីធានាការការពារសន្តិភាព និងនិរន្តភាពជាតិលើមាគ៌ានៃការអភិវឌ្ឍ និងការលើកស្ទួយជីវភាពប្រជាជនឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងឈានទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានចូលរួមអបអរសាទរយ៉ាងស្មោះស្ម័គ្រអស់ពីដួងចិត្ត ជូនចំពោះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងការគាំទ្រនូវអនុសាសន៍ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានលះបង់ឱ្យយុវជនបន្តវេន ដើម្បីបន្តដឹកនាំប្រទេសឆ្ពោះទៅមុខបន្តទៀត និងសូមអំពាវនាវ ដល់ឯកឧត្តម លោកជំទាវ លោក លោកស្រីទាំងអស់ ត្រូវបន្តការសហការសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អ ជាពិសេសបន្តគាំទ្រឥតងាករេ ជុំវិញការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ដែលជាមគ្គុទេសន៍ដ៏ឆ្នើមមួយរូបរបស់ជាតិគ្រប់កាលៈទេសៈ។
សូមបញ្ជាក់ថា ថ្នាក់ដឹកនាំ បុគ្គលិក មន្ត្រីរាជការ ដែលទទួលបានការបំពាក់គ្រឿងឥស្សរិយយសការងារ មានចំនួន ៤៣៥រូប ចំពោះក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យផែនការ ក៏ទទួលបានលិខិតសរសើរលើការងារដឹកនាំ រៀបចំការងារចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងអំឡុងពេលបិទខ្ទប់ និងកម្មវិធីបរិច្ចាគឈាម ជូនមជ្ឈមណ្ឌលជាតិផ្តល់ឈាមផងដែរ ៕