មេបញ្ជាការយោធភូមិភាគទី៣ ចុះត្រួតពិនិត្យសិក្ខាកាមបាញ់គ្រាប់ពិត ក្នុងវគ្គហ្វឹកហ្វឺនបំប៉នជំនាញអាវុធ AK47
ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក យឿង សុខុន មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការ យោធភូមិភាគទី៣ នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីត្រួតពិនិត្យការបាញ់គ្រាប់ពិតអាវុធ AK47 របស់វគ្គហ្វឹកហ្វឺនបំប៉ននាយទាហានរង នៅសាលាពលទាហានទី៣។
ក្នុងនោះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម មេបញ្ជាការរង នាយសេនាធិការរង នាយទាហាន នាយទាហានរង ពលទាហានផងដែរ ដែលមានទីតាំងស្ថិតនៅភូមិត្រែងត្រយឹង ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ក្នុងឱកាសនោះដែរ ឯកឧត្តម មេបញ្ជាការ បានរំលឹកដល់សិក្ខាកាម ឲ្យយកចិត្តទុកដាក់ផ្ចិតផ្ចង់ការបាញ់ឲ្យមានប្រសិទ្ធិភាពខ្ពស់ ដោយយកទ្រឹស្តីនៃការរៀនសូត្រ មកអនុវត្តនាពេលនេះ ហើយប្រើប្រាស់គ្រាប់ឲ្យចំគោលដៅ។
ឯកឧត្តម មេបញ្ជាការ យោធភូមិភាគ ធ្វើការវាយតម្លៃក្នុងការហ្វឹកហ្វឺនបាញ់គ្រាប់ពិត ទទួលបានលទ្ធផលល្អ និងបានផ្តាំផ្ញើពីការចេះសន្សំសំចៃគ្រាប់ក្នុងពេលប្រយុទ្ធលើសមរភូមិ ដោយត្រូវបាញ់តែទៅលើគោលដៅសត្រូវច្បាស់លាស់ ឲ្យចំគោលដៅ មួយដឹងមួយ នោះសត្រូវនឹងមានការខ្លាចរអារ និងបាក់ខ្លបខ្លាចជាមិនខាន។
ឯកឧត្តម មេបញ្ជាការ ក៏បានប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តដល់យោធិនដែលមានស្នាដៃឆ្នើម ដែលបានបាញ់ស៊ីបចូលចំណុចចាប់ពីជាង៩០%ឡើងទៅផងដែរ ៕