ឧត្តមសេនីយ៍ឯក ឯក សំអូន ឲ្យកងអង្គភាពតាមបន្ទាត់ព្រំដែន ត្រូវក្តាប់សភាពការណ៍ឱ្យបានច្បាស់លាស់ មិនត្រូវធ្វេសប្រហែសឡើយ
ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីបើកវគ្គហ្វឹកហ្វឺនបំប៉ននាយទាហានរង និងជំនាញការពារព្រំដែន ដល់យោធិនចំណុះយោធភូមិភាគទី៥ ឆ្នាំ២០២៣ នៅសាលាពលទាហានទី៥។
ដោយក្នុងវគ្គហ្វឹកហ្វឺនបំប៉ននាយទាហានរង មានសិក្ខាកាម ចំនួន ១០០នាក់ និងវគ្គហ្វឹកហ្វឺនជំនាញការពារព្រំដែនមានសិក្ខាកាម ចំនួន ៨០នាក់ សិក្សារយៈពេល ៩១ថ្ងៃ ។
ក្នុងឱកាសនោះផងដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន បានពន្យល់ណែនាំក្នុងការហ្វឹកហ្វឺនត្រូវប្រឹងប្រែងយកចិត្តទុកដាក់រៀនសូត្រឱ្យបានល្អប្រសើរ សំរាប់ការងារហ្វឹកហ្វឺនបង្កើនសមត្ថភាពឱ្យខ្លាំងសម្រាប់នាយទាហាន ពលទាហានដើម្បីចូលរួមពង្រឹងអង្គភាពខ្លួនឱ្យបានល្អប្រសើរ និងត្រូវធើ្វឱ្យបាននូវចំណុចមួយចំនួន ត្រូវការពារបូរណភាពទឹកដី ត្រូវសហការជាមួយសមត្ថកិច្ចចម្រុះក្នុងមូលដ្ឋាន ទប់ស្កាត់នូវរាល់បទល្មើសតាមបន្ទាត់ព្រំដែន ត្រៀមកម្លាំងក្នុងពេលមានយថាហេតុកើតឡើង ទំនាក់ទំនងសហប្រតិបត្តិការល្អ តាមខ្សែបន្ទាត់ព្រំដែនឱ្យបានល្អប្រសើរ រវាងភាគីថៃ ចូលរួមចំណែកអភិវឌ្ឍតាមបណ្តោយព្រំដែនឱ្យរីកចម្រើន។
ថ្លែងបន្តក្នុងការបើកវគ្គនោះផងដែរ ឯកឧត្តម មេបញ្ជាការរងកងព័ទជើងគោក មេបញ្ជាការយោធភូមិភាគទី៥ ក៏បានផ្តោតតាមកងអង្គភាពតាមបន្ទាត់ព្រំដែន ត្រូវក្តាប់នូវសភាពការណ៍ទាំងអស់នៅខ្សែបន្ទាត់ព្រំដែនខ្លួនទទួលខុសត្រូវឱ្យបានច្បាស់លាស់ សម្រាប់តួនាទីរបស់ខ្លួន មិនត្រូវធ្វេសប្រហែសឡើយ ត្រូវរៀនសូត្របង្កើនសមត្ថភាព ត្រូវអនុវត្តម៉ឺងម៉ាត់រៀនត្រូវរៀនឱ្យច្បាស់លាស់ ធានាបាននូវគុណភាពរបស់សិក្ខាកាម និងយោធាចារ្យ ត្រូវស្មោះត្រង់ដាច់ខាតចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិ ការពារព្រះមហាក្សត្រ ជាទីគោរពសក្ការៈ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូតចេញពីការបោះឆ្នោតត្រឹមត្រូវ យុត្តិធម៌ និងគាំទ្រឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មី នៃព្រះរាជាណាចក្រកម្ពុជា។
ជាកិច្ចបញ្ជប់ ឯកឧត្តម មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ ក៏បានប្រកាសបើកវគ្គចាប់ពីពេលនេះតទៅ និងឧបត្ថម្ភថវិកា ចំនួន ២.០០០.០០០រៀល ផងដែរ៕